(រ៉ូម)៖ ក្លិប Atalanta បានចុះកិច្ចព្រមព្រៀង នាំយកខ្សែការពារសញ្ជាតិស៊ុយអែត Isak Hien មកពីក្លិប Hellas Verona។ នេះបើតាមការប្រកាសពីក្លិបទាំងពីរ ដែលលេងនៅលីគកំពូល Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

Atalanta បានចំណាយប្រាក់ ៩លានអឺរ៉ូ (៩.៨៥លានដុល្លារ) បូកនឹងប្រាក់បន្ថែម សម្រាប់នាំយកកីឡាករវ័យ ២៤ឆ្នាំរូបនេះ ដែលបានចុះកិច្ចព្រមព្រៀងរហូតដល់ខែមិថុនា ឆ្នាំ២០២៨។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានចុះផ្សាយ។

Hien បានផ្លាស់ទៅលេងនៅអ៊ីតាលីកាលពីខែសីហា ឆ្នាំ២០២២ ពីក្លិប Djurgardens IF ដែលលេងនៅលីគកំពូលស៊ុយអែត។

កីឡាកររូបនេះ ធ្លាប់លេងឱ្យក្រុមជម្រើសជាតិស៊ុយអែតបានចំនួន ៨លើក ដោយបង្ហាញខ្លួនជាលើកដំបូងរបស់លោកកាលពីខែកញ្ញា ឆ្នាំ២០២២ ក្នុងការប្រកួតចាញ់ស៊ែប៊ី ៤-១ ក្នុងព្រឹត្តិការណ៍ Nations League៕