(បរទេស)៖ នាពេលថ្មីៗនេះ មានដំណឹងមួយចំនួនបានចុះផ្សាយថា តារាសម្តែងប្រុស Charlie Cox តួអង្គ Deredevil និងតារាប្រុស Paul Rudd តួអង្គ Ant-Man នឹងបង្ហាញវត្តមានសម្តែងក្នុងរឿង «Spider-Man 4» ខណៈអ្នកទាំងពីរមិនត្រឹមតែមកចូលរួមក្នុងភាពយន្តនេះទេ ថែមទាំងដើរតួសំខាន់ផងដែរ។

ដំណឹងនេះត្រូវបានបែកធ្លាយតាមរយៈប្រភពផ្ទៃក្នុង Daniel RPK ហើយថែមទាំងឲ្យដឹងថា ខាងផលិតករកំពុងរកមើល Superhero ផ្សេងដែលជាសមាជិក Avengers ដើម្បីមកចូលរួមបង្ហាញមុខផងដែរ ដែល Ant-Man គឺជាជម្រើសកំពូលក្នុងបញ្ជី។ តែយ៉ាងណា រហូតមកទល់នឹងពេលនេះ គេមិនទាន់ឃើញខាងផលិតកម្ម ចេញមកប្រតិកកម្មនឹងដំណឹងនេះ ឬក៏ចេញរបាយការណ៍ផ្លូវការនោះទេ។

បើគេនៅចាំមិនភ្លេច  រឿង «Spider-Man: No Way Home» វគ្គមុន ត្រូវបានគេចាត់ទុកថា ជាខ្សែភាពយន្តដែលរកប្រាក់ចំណូលបានច្រើនបំផុត ក្នុងរដូវកាលកូវីដ-១៩នេះ។ រឿងនេះ មានការចូលរួមពីសំណាក់តារាសម្ដែងដទៃទៀត ក្នុងភាពយន្ត ដូចជា Jacob Batalon (ចេខុប បាឡាតុន) ដែលដើរតួជាមិត្តល្អរបស់ Tom Holland (ថម ហុលឡេន) និង Zendaya (ហ្សេនដាយ៉ា) ផងដែរ។ រឿងនេះ ត្រូវបានគេដឹងថា ចំណាយប្រាក់ក្នុងការផលិតអស់ប្រមាណ ២០០លានដុល្លារអាមេរិក ខណៈចំណូលវិញ គឺទទួលបានជិត២ពាន់លានដុល្លារទៅហើយ៕