(អាល្លឺម៉ង់)៖ ខ្សែប្រយុទ្ធ Harry Kane បានបំបែកកំណត់ត្រាក្នុងលីគអាល្លឺម៉ង់ ក្រោយរកបានគ្រាប់ស៊ុតបញ្ចូលទី ២គ្រាប់និងលឿនបំផុតមួយ ក្នុងជំនួបលីគជួយក្រុម Bayern Munich យកឈ្នះក្រុម Stuttgart ៣-០ ខណៈនៅពេលនេះកើនគ្រាប់ស៊ុតបាន ២០គ្រាប់ហើយ នៅលីគអាល្លឺម៉ង់ Bundesliga រដូវកាលនេះ តែក្រុមនៅឈរត្រឹមលេខ២ ក្នុងតារាងគិតត្រឹមសប្តាហ៍ទី១៤។

ស្ថិតក្នុងការប្រកួតនៃជ័យជម្នះរបស់ Bayern Munich ខ្សែប្រយុទ្ធ Harry Kane ក៏បានក្លាយជាកីឡាករអន្តរជាតិអង់គ្លេស ដែលអាចបើកការស៊ុតបញ្ចូលទីបានដ៏លឿនបំផុតត្រឹមការចាប់ផ្តើមលេងវគ្គទី១ហើយធ្វើបានសម្រេចក្នុងការស៊ុតបញ្ចូលទីបាននៅនាទី២ ជាមួយនិងការរកបានគ្រាប់ទី២ នៅនាទី៥០ ក្នុងជំនួបដែលមិត្តរួមក្រុម Kim Min Jae ក៏រកបានគ្រាប់ទី៣ នៅនាទី៦៣។

Harry Kane ទើបលេងបាន ១៤ប្រកួតប៉ុណ្ណោះ តែអាចរកបានគ្រាប់បាល់បញ្ចូលទី ២០គ្រាប់ហើយ គិតចាប់តាំងពីចូលរួមជាមួយ Bayern Munich នារដូវកាលនេះ និងបានបំបែកកំណត់ត្រាចាស់កីឡាករវីរបុសរបស់ក្លិប Hamburg លោក Uwe Seeler ដែលបានចំណាយពេល ២១ប្រកួតក្នុងការឈានទៅដល់កម្រិតនេះ នៅរដូវកាលលីគ Bundesliga 1963-64 ជាមួយគ្នានោះ អតីតខ្សែប្រយុទ្ធក្លិប Borussia Dortmund ខ្សែប្រយុទ្ធ Erling Haaland ក៏ធ្លាប់បានដល់ចំណុចនេះ នៅការលេខ ២២ប្រកួត។

Harry Kane ក៏ជាក្លាយជាកីឡាករទី២ ដែលស៊ុតបាន ២០គ្រាប់នេះដ៏ឆាប់រហ័សក្នុងលីគ Bundesliga នាមជាកីឡាកររបស់ក្លិប Bayern Munich បន្ទាប់ពីអតីតកីឡាករឆ្នើមលោក Gerd Muller កាលនៅរដូវកាល ១៩៦៨-៦៩។

បញ្ចាក់ផងថា គិតត្រឹមការឆ្លងកាត់សប្តាហ៍ទី១៤ ក្លិប Bayern Munich បានឈរលេខរៀងទី២ ដោយកំពុងរកបាន ៣៥ពិន្ទុ តាមពីក្រោយក្រុម Bayern Leverkusen កំពុងដឹកនាំដោយលោក Xabi Alonso ឈរកំពូលតារាងរកបាន ៣៩ពិន្ទុដោយឆ្លងកាត់ ១៥ប្រកួតបណ្តោះអាសន្ន និងមិនទាន់លេងចាញ់នោះទេ ក្នុងលីករដូវកាលនេះ៕