(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី១៤ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ខណៈគ្រូបង្វឹកទាំងពីរ សុទ្ធតែបានចាត់ទុកជំនួបនេះ គឺជាការប្រកួតដ៏អស្ចារ្យ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនាដោយគ្នា។

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា «វានឹងក្លាយជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមទាំងពីរសុទ្ធតែចង់ឈ្នះការប្រកួត ដូច្នេះអ្នកដែលរង់ចាំទស្សនាការប្រកួតនេះពិតជាជក់ចិត្ត»

បែបនេះក្ដីលោកថា ក្រុមខ្លួនមានពេលខ្លី សម្រាប់ការរៀបចំខ្លួន បន្ទាប់ពីចប់ការប្រកួត AFC Cup ។ ប៉ុន្ដែយ៉ាងណាក្រុមទាំងមូល កំពុងទន្ទឺងរង់ចាំ និងស្រេកឃ្លានការប្រកួតនេះផងដែរ ពោលគឺភ្នំពេញក្រោន នឹងលេងពេញប្រកបដោយភាពជឿជាក់ជាមួយក្រុមភ្ញៀវវិសាខា។

លោកថា «ការប្រកួតជាមួយវិសាខាគឺវាពិសេស ដូច្នេះយើងនឹងលេងពេញដោយភាពជឿជាក់។ ការប្រកួតដល់ពាក់កណ្តាលផ្លូវហើយ យើងចង់ឈ្នះការប្រកួតព្រោះយើងចង់ប្រកួតប្រជែងពានរង្វាន់ ដូច្នេះ ៣ ពិន្ទុពិតជាសំខាន់សម្រាប់យើង»

ចំណែកលោក មាស ចាន់ណា គ្រូបង្វឹកវិសាខាវិញ បានលើកឡើងថា «ខ្ញុំគិតថា ការប្រកួតនេះ គឺជាការប្រកួតមួយដ៏អស្ចារ្យ ដោយយើងគិតថា បងប្អូនទស្សនិកជន ចង់ឃើញការលេងរបស់ភ្នំពេញក្រោន ហើយពួកគាត់ ក៏ទន្ទឹមចង់ឃើញទម្រង់លេងរបស់វិសាខាដូចគ្នា ។ ខ្ញុំជឿជាក់ថា ការប្រកួតនេះ នឹងទាក់ទាញទស្សនិកជនមកទស្សនាផ្ទាល់ច្រើន ព្រោះជាការប្រកួតមួយដែលល្អសម្រាប់សប្ដាហ៍នេះ»

គ្រូបង្វឹកទើបឡើងកាន់តំណែងដដែលបន្ដថា ដោយសារជើងទី១ ដឹកនាំដោយគ្រូបង្វឹកផ្សេង(លោក Simon) ហើយការរៀបចំក៏ផ្សេង តែជើងទី២ នេះ ក្រោមការដឹកនាំរបស់ខ្លួន នឹងមានរបៀបនៃការលេងផ្សេងមួយទៀត ។ ដូច្នេះការប្រកួតដ៏សំខាន់នេះ លោកពុំបានផ្ដោតលើកីឡាករភ្នំពេញក្រោនថា ប្រកួតញឹកមានកីឡាកររបួស ឬអត់នោះទេ អ្វីដែលសំខាន់ គឺលោកផ្ដោតលើឆន្ទៈកូនក្រុមខ្លួន ដែលកំពុងមានទំនុកចិត្តខ្ពស់ជាងមុន។

លោកបន្ដថា «ឥលូវក្រោយយើងឈ្នះពីសប្ដាហ៍មុនមក ឆន្ទៈនឹងទំនុកចិត្តរបស់ពួកគាត់(កីឡាករ) គឺខ្លាំងមែនទែន ពិសេសទំនុកចិត្ត ។ អ្វីដែលយើងឆ្លងកាត់សប្ដាហ៍កន្លងមកជាមួយក្រុម ខ្ញុំសង្កេតឃើញថា ទំនុកចិត្តរបស់ពួកគាត់គឺខ្លាំង ក្នុងការលេងជាមួយក្រុមផ្សេងៗ មិនថាតែលេងជាមួយភ្នំពេញក្រោននោះទេ គឺពួកគាត់មានទំនុកចិត្តខ្លាំងមែនទែន ។ អ៊ីចឹងខ្ញុំជឿជាក់ថា ពួកគាត់នឹងធ្វើបានល្អសម្រាប់ការប្រកួនេះ»

គួរដឹងថា ជំនួបរវាងក្រុមមានមូលដ្ឋាននៅក្បែរគ្នានេះ ត្រូវបានចាត់ទុកជាការប្រកួតដ៏ធំប្រចាំសប្ដាហ៍ បន្ទាប់ពីជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រៅដី ក្នុងលទ្ធផល ១-០ ។ ចំណែលលទ្ធផល ៤ប្រកួតផ្សេងទៀត ក្នុងសប្ដាហ៍ទី១៤ គឺក្រុមភ្ញៀវសុទ្ធតែទទួលបានជ័យជម្នះ ក្នុងនោះព្រះខ័នរាជស្វាយរៀង បានយកឈ្នះអង្គរថាយហ្គឺរ ៧-១, បឹងកេត ឈ្នះគិរីវង់សុខសែនជ័យ ៦-០, ព្រៃវែង យកឈ្នះកងយោធពលខេមរភូមិន្ទ ៤-២ និងក្រុម ISI ដង្កោសែនជ័យ វាយបកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ៣-២ កាលពីយប់មិញ៕