(ភ្នំពេញ)៖ លោក នូ សុផល អគ្គលេខាធិការសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានជំរុញដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដការខំប្រឹងហ្វឹកហាត់ ក៏ដូចជាយកបទពិសោធន៍ពីការប្រកួតជើងឯកថ្នាក់ជាតិ ទៅដុសខាតសមត្ថភាពបន្ថែម ដើម្បីមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ។

ការជំរុញនេះ ធ្វើឡើងក្រោយពិធីបិទការប្រកួតកីឡាគ្រិកឃីតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៦-១៧ ខែធ្នូចុងសប្ដាហ៍កន្លងទៅ នៅទីលាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ ការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូងនេះ មានអត្តពលិកចូលរួមជិត ៥០នាក់ មកពី ៤ រាជធានី-ខេត្ត រួមមានក្រុមកីឡាគ្រិកឃីតរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពង់ធំ និងខេត្តតាកែវ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ ឆ្លុះបញ្ចាំងពីសមិទ្ធផលថ្មីមួយទៀត ដែលសហព័ន្ធបានខិតខំបណ្ដុះបណ្ដាល ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី បន្ទាប់ពីសម្រេចបានលទ្ធផលគួរជាទីមោទនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កាលពីថ្មីៗ ។ ក្លិបនីមួយៗ ពិសេសកីឡាករ-កីឡាការិនីទាំងអស់ បានបង្ហាញជំនាញ និងឆន្ទៈខ្ពស់ ក្នុងស្មារតីប្រកួតប្រជែង ដើម្បីទទួលបានជោគជ័យ។

លោក នូ សុផល បន្ដថា «ខ្ញុំសង្ឃឹមថា ការប្រកួតនេះ កីឡាករ-កីឡាការិនីទាំងអស់ នឹងយកបទពិសោធន៍ និងអ្វីដែលគ្រូបង្វឹកបានបង្ហាត់បង្រៀន ទាំងពេលហ្វឹកហាត់ផង និងពេលប្រកួតផង ដើម្បីបន្ដឆន្ទៈខំប្រឹង សម្រាប់ត្រៀមការប្រកួតថ្ងៃក្រោយៗទៀត ក៏ដូចជាឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ក៏ដូចជាត្រៀមការប្រកួតអន្ដរជាតិផ្សេងៗទៀត»

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលបច្ចេកទេស នៃការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូង ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់វិញ្ញាសានារី ៦នាក់ ទល់ ៦នាក់ មេដាយមាស បានទៅខេត្តសៀមរាប, មេដាយប្រាក់ បានទៅខេត្តតាកែវ និងមេដាយសំរឹទ្ធ បានទៅខេត្តកំពង់ធំ ។ រីឯវិញ្ញាសាបុរស ២នាក់ ទល់ ២នាក់ មេដាយមាស បានទៅខេត្តសៀមរាប, មេដាយប្រាក់ បានទៅខេត្តកំពង់ធំ និងមេដាយសំរឹទ្ធ បានទៅក្រុមកីឡាគ្រិកឃីតរាជធានីភ្នំពេញ៕