(ភ្នំពេញ)៖ ក្រោយពីប្រទេសកម្ពុជាងើបចេញសង្រ្គាម និងមានស្ថិរភាពនយោបាយល្អប្រសើរ ប្រកបដោយការអភិវឌ្ឍន៍ឥតឈប់ឈរ រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរដល់សិទ្ធិឯកជនភាពរបស់ប្រជាពលរដ្ឋ ដោយបានផ្តល់នូវកម្មសិទ្ធិឯកជនពេញលេញលើដីធ្លីដល់ប្រជាពលរដ្ឋ ។

ទន្ទឹមនឹងការអនុវត្តគោលនយោបាយខាងលើ ប្រជាពលរដ្ឋតែងតែមានបញ្ហាវិវាទដីធ្លីកើតមានឡើងជាហូរហែ ជាហេតុធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចចេញនូវអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការសុរិយោដី សម្រាប់អនុវត្តចំពោះវិវាទដែលទាក់ទងនឹងអចលនវត្ថុ (ដីធ្លី) ដែលមិនទាន់ចុះបញ្ជីសុរិយោដី ។

តើការដោះស្រាយវិវាទដីធ្លី ដែលមិនទាន់ចុះបញ្ជីនេះមានលក្ខណៈបែបណា?

ដូចនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទ «ការដោះស្រាយវិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី» មកបង្ហាញដោយសង្ខេបជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ។

ជាគោលការណ៍ ការដោះស្រាយវិវាទដីធ្លីដែលមិនទាន់ចុះបញ្ជីសុរិយោដី (ដីធ្លីដែលពុំទាន់មានប័ណ្ណកម្មសិទ្ធិ ដែលចេញដោយរដ្ឋបាលសុរិយោដី) ដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យដែលមិនអាចសម្រុះសម្រួលបានដោយគណៈកម្មការរដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹងបណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យាទិញលក់ ជួល ឬបញ្ចាំជាអាទិ៍ គឺស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី ។ ការដោះស្រាយវិវាទដីធ្លីនេះត្រូវចាប់ផ្តើមពីគណៈកម្មការសុរិយោដីថ្នាក់ស្រុក-ខណ្ឌ (គ.ស.ស.ខ) ឡើងទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្ត-ក្រុង/រាជធានី (គ.ស.ខ.ក) និងចុងក្រោយទៅគណៈកម្មការសុរិយោដីថ្នាក់ជាតិ (គ.ស.ជ) ។

១៖ គណៈកម្មការថ្នាក់ស្រុក-ខណ្ឌ (គ.ស.ស.ខ)

បុគ្គលគ្រប់រូបដែលមានវិវាទពាក់ព័ន្ធនឹងដីធ្លីដែលមិនទាន់ចុះបញ្ជីសុរិយោដី អាចដាក់ពាក្យបណ្តឹងទៅគណៈកម្មការសុរិយោដីថ្នាក់ស្រុក ឬខណ្ឌ ដែលដីនោះស្ថិតនៅ ។ ក្រោយពីគណៈកម្មការទទួលបានពាក្យបណ្តឹងរួចមក គណៈកម្មការនឹងជូនដំណឹងអំពីបណ្តឹងទៅភាគីចុងបណ្តឹង ឬបុគ្គលដែលមានផលប្រយោជន៍ពាក់ព័ន្ធនឹងដីវិវាទ ដើម្បីឆ្លើយតបក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង គណៈកម្មការសុរិយោដីថ្នាក់ស្រុក ឬខណ្ឌ នឹងចាត់មន្ត្រីឱ្យចុះស៊ើបអង្កេត ដើម្បីជួបជាមួយគូភាគីវិវាទ សាក្សី អាជ្ញាធរមូលដ្ឋាន និងធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់ដីវិវាទឱ្យបានច្បាស់លាស់ ។ ក្រោយពេលបញ្ចប់ការស៊ើបអង្កេតយ៉ាងតិច ៣០ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយបណ្តឹង គណៈកម្មការសុរិយោដីថ្នាក់ស្រុក-ខណ្ឌ ត្រូវបើកកិច្ចប្រជុំក្នុងដំណើរការសម្រុះសម្រួលវិវាទ ហើយកិច្ចប្រជុំត្រូវធ្វើឡើងនៅទីតាំងវិវាទ ឬនៅកន្លែងដែលជិតនឹងទីតាំងវិវាទ ។ ការសម្រុះសម្រួលនេះធ្វើឡើងដោយគ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង ពោលគឺគោរពនូវឆន្ទៈរបស់គូភាគីវិវាទ ។ ប្រសិនបើការដោះស្រាយទទួលបានជោគជ័យ គូភាគីត្រូវផ្តិតមេដៃលើទម្រង់បែបបទបញ្ចប់វិវាទតាមខ្លឹមសារដែលបានព្រមព្រៀង ដូចនេះគណៈកម្មការសុរិយោដីថ្នាក់ស្រុក-ខណ្ឌ នឹងចុះធ្វើការវាស់វែងកំណត់ទំហំដី និងព្រំប្រទល់តាមការព្រមព្រៀងរបស់គូភាគី ឬតាមសេចក្តីសម្រេចចូលជាស្ថាពរ ។ បន្ទាប់មក ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក-ខណ្ឌ នឹងចាប់ផ្តើមនីតិវិធីចុះបញ្ជីក្បាលដី តាមការស្នើសុំរបស់គូភាគីវិវាទ ។ ប៉ុន្តែក្នុងករណីការដោះស្រាយវិវាទមិនអាចសម្រុះសម្រួលគ្នាបាននោះទេ គណៈកម្មការសុរិយោដីថ្នាក់ស្រុក-ខណ្ឌ នឹងបញ្ជូនករណីវិវាទនោះទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្ត-ក្រុង ដើម្បីធ្វើការដោះស្រាយបន្តទៀត ។

២៖ គណៈកម្មការសុរិយោដីថ្នាក់ខេត្ត-ក្រុង/រាជធានី (គ.ស.ខ.ក)

បន្ទាប់ពីទទួលបានការបញ្ជូនករណីវិវាទពីគណៈកម្មការសុរិយោដីថា្នក់ស្រុក-ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់ខេត្ត-រាជធានី នឹងព្យាយាមធ្វើការសម្រុះសម្រួលបន្តទៀតតាមនីតិវិធីដែលបានកំណត់ ។ ក្នុងអំឡុងពេល ៦០ថ្ងៃ បន្ទាប់ពីបានទទួលបណ្ដឹង គណៈកម្មការសុរិយោដីខេត្ដ-រាជធានី ត្រូវរៀបចំកិច្ចប្រជុំរដ្ឋបាលរវាងគណៈកម្មការសុរិយោដី ខេត្ដ-រាជធានី និងភាគីវិវាទ ។ ប្រសិនបើការសម្រុះសម្រួលមិនទទួលបានលទ្ធផលទេនោះ គណៈកម្មការសុរិយោដីថ្នាក់ខេត្ត-រាជធានី នឹងត្រូវធ្វើសេចក្តីសម្រេច ។ ក្នុងករណីភាគីណាមួយមិនសុខចិត្តទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ខេត្ត-រាជធានីទេនោះ ភាគីវិវាទមានសិទ្ធិប្តឹងសុំឱ្យគណៈកម្មការសុរិយោដីថ្នាក់ជាតិធ្វើសវនាការជាថ្មីបាន ក្នុងរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានសេចក្តីសម្រេច ឬទទួលបានព័ត៌មានអំពីសេចក្តីសម្រេច ។

៣៖ គណៈកម្មការសុរិយោដីថ្នាក់ជាតិ (គ.ស.ជ)

គណៈកម្មការសុរិយោដីថ្នាក់ជាតិ មានសិទ្ធិសម្រេចលើវិវាទទាំងឡាយណាដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ហើយដែលមិនអាចដោះស្រាយបានដោយគណៈកម្មការសុរិយោដីថា្នក់ស្រុក-ខណ្ឌ និងគណៈកម្មការសុរិយោដីថ្នាក់ខេត្ដ-ក្រុង/រាជធានី និងរាល់វិវាទដែលកើតមានក្នុងតំបន់វិនិច្ឆ័យ ដែលមិនអាចដោះស្រាយបានដោយគណៈកម្មការរដ្ឋបាល ។ ក្នុងករណីដែលបានទទួលការបញ្ជូនករណីវិវាទពីគណៈកម្មការសុរិយោដីថ្នាក់ខេត្ដ-ក្រុង/រាជធានី ឬគណៈកម្មការរដ្ឋបាល គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងព្យាយាមធ្វើការសម្រុះសម្រួលបន្ត ។ ប៉ុន្តែប្រសិនបើការសម្រុះសម្រួលមិនទទួលបានជោគជ័យទេ គណៈកម្មការសុរិយោដីថ្នាក់ជាតិនឹងបើកសវនាការក្នុងការសម្រេចសេចក្តី ។ គូភាគីមានសិទ្ធិប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការសុរិយោដីថ្នាក់ជាតិទៅស្ថាប័នតុលាការ ក្នុងរយៈពេល ៣០ថ្ងៃ ក្រោយពីបានទទួលសេចក្តីសម្រេច ។

សរុបមកវិញ ការដោះស្រាយវិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី គឺស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដីចំនួន បីថ្នាក់ គឺ (១) ថ្នាក់ស្រុក-ខណ្ឌ (២) ថ្នាក់ខេត្ត-ក្រុង និង (៣) ថ្នាក់ជាតិ ហើយក៏អាចដោះស្រាយបន្តនៅស្ថាប័នតុលាការផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី គូភាគីគួរតែដោះស្រាយគ្នាដោយសន្តិវិធីតាមរយៈការសម្រុះសម្រួលគ្នា ក្រោមគោលនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងអស់គ្នា ដែលជាវិធីល្អប្រសើរបំផុត ដើម្បីឈានទៅរកចំណុចរួមមួយក្នុងការបញ្ចប់វិវាទដោយឆាប់រហ័ស ។

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៉ីអាយស៉ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕