(សៀមរាប)៖ សិល្បករ-សិល្បការិនីជាច្រើនដួង បានបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរច្នៃមកសម័យបច្ចុប្បន្នយ៉ាងស្រស់ស្អាតក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ» លើកទី៤ ឆ្នាំ២០២៣ រៀបចំនៅបរិវេណព្រះលានជល់ដំរី ខេត្ត​សៀមរាប កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលសម្លៀកបំពាក់​របស់ខ្មែរមើល​ទៅពិតជាគូរ​ឲ្យទាក់ទាញ​ហើយ​ស័ក្ដិសម ជាមួយកម្មវិធីដ៏អស្ចារ្យនោះខ្លាំងណាស់ ព្រោះឆ្លុះបញ្ចាំងពីភាពដ៏ស្រស់ស្អាត​របស់​ឈុតបុរាណរបស់ខ្មែរច្នៃរនាសម័យបច្ចុប្បន្ន បន្ដមកដល់កូនចៅបច្ចុប្បន្ន និងតទៅ​ជំនាន់​ក្រោយ ដែលមហា​ព្រឹត្តិ​ការណ៍​នេះរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​គោលបំណង​បំផុសស្មារតីជូនដល់កុលបុត្រកុលធីតា គ្រប់រូបចូលរួមចងចាំពីអត្តសញ្ញាណជាតិ និងអបអរ​សាទរខួប៣១ឆ្នាំ នៃការដាក់បញ្ចូលតំបន់​រមនីយដ្ឋាន​អង្គរជាបេតិកភណ្ឌពិភពលោក។

តើនរណាជាអ្នកនៅពីក្រោយខ្នងនៃឈុតបុរាណរបស់ខ្មែរច្នៃមកសម័យបច្ចុប្បន្ននូវព្រឹត្តិការណ៍ «រាត្រីចងចាំ» លើកទី៤ ឆ្នាំ២០២៣? ពិតហើយទស្សនិកជនពិតជាបានស្គាល់តារាសម្ដែងលោក ស៊ីនឌី ដែលជាម្ចាស់ហាង​សំអាងការស៊ីនឌី ព្រោះ​រូបលោកនេះហើយដែលជាអ្នកដឹកនាំរៀបចំ និងសម្រិតសម្រាំង​ឈុត​សម្លៀកបំពាក់បុរាណរបស់ខ្មែរច្នៃមកសម័យ​បច្ចុបន្នគ្រងនៅលើដងខ្លួនតារាប្រុសស្រីជាច្រើនដួង បង្អួតបង្ហាញសម្រស់ក្នុងរាត្រីនោះ ហើយមើល​ទៅពិតជាលេច​ត្រដែត និងទាក់ទាញបំផុតក្នុង​ព្រឹត្តិ​ការណ៍ដ៏អស្ចារ្យនេះ។

តារាសម្ដែង ស៊ីនឌី បានថ្លែងប្រាប់ឲ្យដឹងថា លោកមានមោទនភាពខ្លាំងដែល​បានធ្វើការជាមួយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកម្មវិធីថ្នាក់ជាតិដ៏ធំនេះ ព្រោះលោកជាអ្នក​ស្រលាញ់​នូវឈុតបុរាណខ្មែរច្នៃមកបច្ចុប្បន្ន និងចង់អភិរក្សសម្លៀកបំពាក់ប្រពៃណីខ្មែរ ក៏ដូច​ជាបំផុសឲ្យយុវជនយើង​ចងចាំ និងជួយថែរក្សា ហេតុនេះហើយលោកបានធ្វើ​ការមួយនេះ​ដោយ​រីករាយបំផុត បើទោះជាមានការហត់​នឿយ​យ៉ាងណា ក៏មិនធុញទ្រាន់ដែរ គឺមានតែកំ​លាំងចិត្ត ព្រោះធ្វើការដោយបេះដូង។

តារាសម្ដែងរូបនេះ បានបន្ថែមថាសំអាងការស៊ីនឌី របស់​លោក​មានឈុតបុរាណខ្មែរជាច្រើនឈុតសម័យកាល និងច្នៃមកសម័យបច្ចបុបន្ន និងគ្រឿង​អលង្ការបុរាណចម្រុះ ព្រោះការដែលលោកបានបើកសម្អាងការស៊ីនឌីនេះឡើង  ដោយសារ​តែលោកស្រលាញ់សម្លៀកបុរាណរបស់ខ្មែរ និងចង់ឲ្យកូនខ្មែរចេះ​ស្រលាញ់​សម្លៀក​បំពាក់​ខ្មែរដូចរូបលោកដែរ។

តារាសម្ដែង ស៊ីនឌី បន្ថែមទៀតថាសិល្បករដែលគ្រងឈុតបុរាណខ្មែរ​ច្នៃ​មកបច្ចុប្បន្ន​ទាំងអស់​ក្នុងព្រឹត្តិ​ការណ៍ «រាត្រីចងចាំ» លើកទី៤ ឆ្នាំ២០២៣ នោះពិតជាលើក​សម្រស់ពួកគេកាន់តែស្រស់ស្អាត​បំផុតស័ក្ដិសម​ជាមួយកម្មវិធីដ៏អស្ចារ្យនោះខ្លាំងណាស់។ នៅពេលតារាម៉ូដែលរបស់ខ្មែរគ្រងឈុត​ប្រពៃណី​ខ្មែរ​បែបនេះ គឺស្អាតបែបខ្មែរ ហើយបរទេស​គេបានឃើញសរសើរគ្រប់គ្នាថា «ខ្មែរអស្ចារ្យ!»។​ ហេតុនេះលោកគាំទ្រ​ចំពោះ​ការដែលក្រសួង​វប្ប​ធម៌បង្កើតព្រឹត្តិការណ៍នេះឡើង ក៏ដូចជាបន្ដធ្វើកម្មវិធីបែបនេះ​ឲ្យបានជាញឹក​ញាប់ថែម​ទៀត ដើម្បីជាការដឹងគុណដល់បុព្វបុរសខ្មែរដែលសាងអង្គរវត្ត ក៏ដូចជាបំផុសម្លៀក​បំពាក់បុរាណ​ខ្មែរច្នៃមកបច្ចុប្បន្នភាពនេះឡើងឲ្យទាំងភ្ញៀវជាតិ និងអន្ដរជាតិបានទស្សនា​។

លោក ស៊ីន​ឌី សង្កត់ថា សូមឲ្យ​កូនខ្មែរគ្រប់រូបស្រលាញ់អ្វីដែល​ខ្មែរមាន និងចូលរួមអភិរក្សទាំងប្រា​សាទ​ខ្មែរ និងឈុតសម្លៀកបំពាក់បុរណខ្មែរ​ទាំងអស់គ្នាឲ្យបានគង់វង្សតទៅ៕