(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការហើយ ដោយគ្រោងធ្វើការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែធ្នូ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈកីឡាករ-កីឡាការិនីចូលរួមប្រកួតប្រជែង បានបង្ហាញភាពលេចធ្លោគួរឲ្យកត់សម្គាល់ ។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានឲ្យដឹងថា ការប្រកួតថ្នាក់ជាតិ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ គឺមានកីឡាករ-កីឡាការិនីជិត ៦០នាក់ មកពី ៩ក្លិបចូលរួមប្រកួត ។ ចំពោះវិញ្ញាសា គឺមានចំនួន ៤ រួមមានវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយយុវជនក្រោមអាយុ ១៨ឆ្នាំ ។

ប្រធានគណៈកម្មការគ្រប់គ្រងរៀបចំការប្រកួតដដែលបន្ដថា អ្វីដែលគួរឲ្យកត់សម្គាល់ សម្រាប់កីឡាករ-កីឡាការិនីចូលរួមប្រកួតប្រជែងជើងឯកថ្នាក់ជាតិឆ្នាំនេះ មានសមត្ថភាពលេចធ្លោខ្លាំងជាងការប្រកួតឆ្នាំមុន បន្ទាប់ពីបណ្ដាក្លិបតាមរាជធានី-ខេត្ត បានទទួលការហ្វឹកហាត់បណ្ដុះបណ្ដាលច្រើន ទាំងធនធានគ្រូ និងកីឡាករ-កីឡាការិនី ស្របតាមផែនការយុទ្ធសាស្ដ្រពង្រឹងគុណភាពរបស់សហព័ន្ធ ។

តាមរយៈនេះ នាំឲ្យអគ្គលេខាធិការរងសហព័ន្ធខាងលើ មានសុទិដ្ឋិនិយមខ្ពស់ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ក្នុងការសម្រិតសម្រាំងរកកីឡាករ-កីឡាការិនីឆ្នើមៗ ចូលរួមធ្វើតេស្ដចូលក្នុងការប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ ៕