(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ៥ខែនៃការហាមប្រាមបណ្តាញផ្សព្វផ្សាយសង្គម Threads នៅ អឺរ៉ុបពីក្រុមហ៊ុនមេ Meta ឥឡូវនេះទទួលបានដំណឹងមកថា អាចស្វែងរកប្រើបានហើយ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះនឹងមានសម្រាប់ប្រទេសសមាជិកទាំង ២៧នៃសហភាពអឺរ៉ុបថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះក្រុមហ៊ុន Meta ធ្លាប់បានជូនដំណឹងដល់អ្នកប្រើប្រាស់នៅទូទាំងសហភាពអឺរ៉ុបថាខ្លួននឹងមិនអនុញ្ញាតឱ្យបណ្តាញផ្សព្វផ្សាយសង្គម Threads ដំណើរការនៅសហភាពអឺរ៉ុបនោះទេ ដោយលើកឡើងពីការព្រួយបារម្ភឯកជនភាពកម្មវិធី។

តែយ៉ាងណាបញ្ហាទាំងនេះត្រូវបានដោះស្រាយដោយ Meta បានបញ្ជាក់ថា ឥឡូវនេះអ្នកប្រើប្រាស់នៅអឺរ៉ុបទាំងអស់ដែលបានចុះឈ្មោះ ឬមិនបានចុះឈ្មោះក៏អាចចូលប្រើនៅលើ Threads.net បានផងដែរ។ លើសពីនេះទៅទៀតម្ចាស់ស្មាតហ្វូនគ្រប់រូបអាចទាញយកបានទាំងនៅលើ App Store និង Google Play បានថែមទៀតផង។

គួរជម្រាបដែរថា កម្មវិធី Thread ត្រូវបាន Meta បើកដំណើរការជាមួយ Instagram ចាប់តាំងពីខែតុលា ឆ្នាំ២០១៩មកម្លេះដែលបង្កើតឡើងក្នុងគោលបំណងអនុញ្ញាតឱ្យជជែកតែជាមួយក្នុង Instagram Close Friends ប៉ុណ្ណោះ។ ប៉ុន្តែកម្មវិធីនោះដំណើរការមិនបានល្អទើបពន្យាពេលចេញផ្សាយជាសាធារណៈរហូតមកដល់ខែកក្កដា ឆ្នាំ២០២៣ ដែលជាគូប្រជែងដ៏ខ្លាំងជាមួយនឹង Twitter របស់ Musk។ គិតមកទល់ Thread បានដំណើរការជាង ១០០ប្រទេសរួមទាំងសហរដ្ឋអាមេរិក និងចក្រភពអង់ ហើយឥឡូវនេះមាននៅទូទាំងសហភាពអឺរ៉ុប៕