(ពោធិ៍សាត់)៖ រដ្ឋបាលស្រុកវាលវែង នា​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានដំណើរការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ​ ដណ្តើមពានរង្វាន់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីអបអរសាទរ ទិវាជ័យជំនះ ៧ មករា ខួបលើកទី៤៥ (៧ មករា ១៩៧៩ - ៧ មករា ២០២៤) ។

ពិធីនេះត្រូវបានបើកដំណើរការប្រគួតឡើង នៅក្នុងបរិវេណទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្រោមអធិបតីភាព លោក កែវ វីរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវាលវែង ដោយបានការចូលរួមពីអាជ្ញាធរស្រុក ឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានឱ្យដឹងថា ក្រុមកីឡាដែលបានចូលរួមប្រកួតបាល់ទាត់ មាន១៣ក្រុម មានកីឡាករ ចំនួន២៦០នាក់ ​គឺមកពីឃុំប្រម៉ោយ៨ក្រុម ឃុំអន្លង់រាប២ក្រុម ឃុំក្រពើពីរ២ក្រុម និងឃុំអូរសោម១ក្រុម។ កីឡាបាល់ទះ មាន៦ក្រុម និងមានកីឡាករ ៧២នាក់ មកពីឃុំប្រម៉ោយមាន៣ក្រុម គឺក្រុមបាល់ទះគូប៊ូតា បាល់ទះយុវជនត្បូងស្ទឹង និងបាល់ទះយុវជនដំរី៥ ឃុំអន្លង់រាបមាន១ក្រុម គឺក្រុមបាលទះឃុំអន្លង់រាប ឃុំក្រពើពីរមាន១ក្រុម គឺក្រុមបាល់ទះឃុំក្រពើពីរ និងឃុំថ្មដាមាន១ក្រុមគឺក្រុមបាល់ទះប៉ុស្តិ៍ថ្មដា។

លោក កែវ វរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកវាលវែង បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់​ និងបាល់ទះដណ្តើមពានរង្វាន់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ គឺប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះ ៧ មករា ខួបលើកទី៤៥ នៅក្នុងស្រុកវាលវែង និងជ្រើសរើសយុវជនវ័យក្មេង មានសមត្ថភាព ទេពកោសល្យ និងហ្វឹកហាត់បំប៉នបន្ថែម សម្រាប់ទៅចូល រួមប្រកួតថ្នាក់ខេត្ត និងថ្នាក់ជាតិ។ បច្ចុប្បន្ននេះនៅក្នុងខេត្ត ក៏ដូចបណ្តាស្រុក ក្រុងមានសន្តិភាពពេញលេញ សេដ្ឋកិច្ចជាតិមានការរីកចម្រើន គ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍន៍សង្គមសន្តិភាព «​កីឡាកសាងមនុស្ស មនុស្សសាងសង្គម, កីឡារស់ក្នុងសន្តិភាព»

លោកបានបន្ថែមថា ការអប់រំកាយ និងកីឡា គឺជាសមាសភាគមួយ នៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតី របស់មនុស្ស ឲ្យមានការលូតលាស់ល្អ រក្សាកម្លាំងមាំមួន និងសុខភាពល្អ កាត់បន្ថយភាពអសកម្មផ្សេងៗ។ ដូចនេះហើយបានជានៅស្រុកវាលវែង ក៏ដូចបណ្តាស្រុកក្រុងទូទាំងខេត្ត តែងតែរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ ឲ្យកាន់តែមានភាពលេចធ្លោរ ព្រោះថាកីឡានាំមកនូវសុខភាព សន្តិភាព សាមគ្គីភាព មិត្តភាព បើគ្មានសុខភាព និងសន្តិភាពនោះទេ យើងមិនអាចលេងកីឡាបាននោះឡើយ។

ក្នុងនាមតំណាងរាស្ត្រ និងក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកវាលវែង លោកបានដាក់ចេញយុទ្ធសាស្ត្រ និងទិសដៅក្នុងការអភិវឌ្ឍន៍វិស័យកីឡា គឺត្រូវជម្រុញសកម្មភាពកីឡានៅតាមសាលារៀន សហគមន៍ ស្របតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល «យុវជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទក្នុងមួយជីវិត»។ ជាមួយគ្នានោះលោកក៏បានថ្លែងអំណរគុណ ចំពោះសម្បុរសជន គណៈកម្មការ អនុគណៈកម្មការ ប្រតិភូ ដឹកនាំក្រុមកីឡាករ មន្ត្រីបច្ចេកទេស និងក្មួយៗកីឡាករ កីឡាការនី បាល់ទាត់ និងបាល់ទះទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងការចិត្ត មិនគិតពីការនឿយហត់ មកចូលរួម ក្នុងការប្រគូត សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងតំបន់នេះ កាន់តែមានភាពរីក​ចម្រើន​បានមួយកម្រិតទៀត។

លោក កែវ វីរៈ ក៏ផ្តាំផ្ញើ​ដល់​កីឡាករទាំងអស់ ទាំងអ្នកទទួលបានជ័យលាភីក្តី និងមិនទទួលបានក្តី ក៏ត្រូវខិតខំប្រឹងប្រែង​ហ្វឹកហាត់ឱ្យ​អស់សមត្ថភាព ទេព្យកោសល្យតាមក្រុម និងក្លឹមនីមួយៗបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅដណ្តើម និងទទួលបានពាន​រង្វាន់ ជូនអង្គភាពរបស់ខ្លួននាពេលឆ្នាំខាងមុខទៀត។ សូមងាក់​មកលេងកីឡា គឺចៀសវាងបានការប្រព្រឹត្តអំពើល្មើសផ្សេងៗ ដូចជាការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងជាដើម៕