(ភ្នំពេញ)៖ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូនេះ បានរៀបចំបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅទីលាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមការប្រកួតអន្ដរជាតិ ។ ការប្រកួតនេះ មានការចូលរួមពីលោក នូ សុផល អគ្គលេខាធិការសហព័ន្ធ និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាផងដែរ ។

លោក Manish Sharma សមាជិកទទួលបន្ទុកបច្ចេកទេសរបស់សហព័ន្ធ បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែធ្នូ ដោយមានកីឡាការិនី ២០នាក់ និងកីឡាករ ២២នាក់ មកពី ៤ រាជធានី-ខេត្តចូលរួម គឺមានក្រុមកីឡាគ្រិកឃីតរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពង់ធំ និងក្រុមកីឡាគ្រិកឃីតខេត្តតាកែវ ។

លោក នូ សុផល បានចាត់ទុកព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ គឺជាផ្នែកមួយដ៏សំខាន់ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកទេសដល់កីឡាករ-កីឡាការិនី ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយឲ្យមហាជនបានស្គាល់កាន់តែទូលំទូលាយប្រភេទកីឡាថ្មី ដែលទើបមានវត្តមាននៅកម្ពុជានេះថែមទៀត ។

ដោយឡែកលោក ដួង មាស ចំរើន បានគូសបញ្ជាក់ថា ទោះបីកីឡាគ្រិកឃីត ជាប្រភេទកីឡាថ្មី ទើបកកើតនៅកម្ពុជា តែថ្មីៗ កីឡាគ្រិកឃីតកម្ពុជា ទើបសម្រេចបានលទ្ធផលគួរជាទីមោទនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដោយដណ្ដើមបានមេដាយមាស ៣ និងសំរឹទ្ធ ១ ។ នេះគឺជាចំណុចខ្លាំង ដែលសហព័ន្ធបានបង្ហាញ ហើយសង្ឃឹមថា នៅថ្ងៃអនាគត កីឡាគ្រិកឃីតកម្ពុជា នឹងកាន់តែរីកចម្រើន ហើយដណ្ដើមមេដាយ និងកិត្តិយសជូនជាតិជាបន្ដបន្ទាប់ទៀត ៕