(បរទេស)៖ ក្រុមហ៊ុន LG Chem ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ LG Corp របស់កូរ៉េខាងត្បូង នឹងបោះទុនវិនិយោគប្រមាណ ៨២០លានដុល្លារនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតសមាសធាតុថ្ម Cathode។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

LG Chem គឺជាក្រុមហ៊ុនគីមីដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េ និងជាក្រុមហ៊ុនផលិតគីមីដ៏ធំបំផុតទី៩ នៅលើពិភពលោក ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ តាមរយៈការទៅវិនិយោគនៅសហរដ្ឋអាមេរិកលើកនេះត្រូវបានគេរំពឹងថា រោងចក្រថ្មីរបស់ LG Chem នឹងមានសមត្ថភាពអាចផលិតវត្ថុធាតុដើម Cathode បានខ្ទង់ ១២០,០០០តោន ហើយវានឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការផ្តល់ថាមពលដល់រថយន្តអគ្គិសនីប្រហែល ១.២លានគ្រឿងជារៀងរាល់ឆ្នាំ។

គួរជម្រាបដែរថា ការវិនិយោគនេះគឺជាផ្នែកមួយនៃផែនការដ៏ធំរបស់ក្រុមហ៊ុន LG Chem ក្នុងការវិនិយោគជាង ៣ពាន់លានដុល្លារនៅសហរដ្ឋអាមេរិករហូតដល់ឆ្នាំ២០២៧ ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់គ្រឿងបន្លាស់រថយន្តអគ្គិសនី៕