(បរទេស)៖ គិតត្រឹមសប្តាហ៍នេះតម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានហក់ឡើងខ្ពស់ខ្ទង់ ១ទ្រីលានដុល្លារបន្ថែមទៀត បន្ទាប់ពីបិទការជួយដូរចុងក្រោយ ខណៈដែលក្រុមហ៊ុនផលិត iPhone ខ្នាតយក្សមួយនេះ កំពុងបន្តកើបប្រាក់ចំណេញបានយ៉ាងច្រើនសម្បើមពីការលក់ផលិតផលរបស់ខ្លួន និងបន្តគ្រងដំណែងជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងជាងមុនប្រមាណ ១.៦៧ភាគរយនៅក្នុងតម្លៃ ១៩៧,៩៦ដុល្លារ ក្នុងមួយហ៊ុននៅពេលដែលការជួយដូរទីផ្សារភាគហ៊ុនត្រូវបានបិទចុងក្រោយនៅថ្ងៃពុធ នឹងនាំឱ្យតម្លៃទីផ្សាររបស់ Apple បានកើនឡើងសរុបដល់ ៣.០៨ទ្រីលានដុល្លារ។ ចំនួននេះបង្ហាញពីសក្តានុពលកាន់តែខ្លាំងឡើងរបស់ Apple នឹងធ្វើឱ្យក្រុមហ៊ុនគូរប្រជែងជាច្រើនទៀតពិបាកក្នុងការជ្រៀតខ្លួនយកដំណែងលេខ១ នៃតម្លៃទីផ្សារក្រុមហ៊ុនពិភពលោក។

គួរជម្រាបដែរថា ក្រៅពីក្រុមហ៊ុន Apple នៅមានក្រុមហ៊ុនអាមេរិកមួយចំនួនផ្សេងទៀតដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលលេចធ្លោជាងគេរួមមាន Microsoft, Alphabet, Amazon, និង Nvidia។ យ៉ាងណាមិញ Apple នឹងនៅតែអាចកើនឡើងតម្លៃទីផ្សារបន្ថែមទៀតរហូតដល់ជាង ៤ទ្រីលានដុល្លារសម្រាប់ឆ្នាំ២០២៤ ខាងមុខ ជាមួយនឹងកំណើននៃការលក់ Apple Vision Pro របស់គេ៕