(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីរៀបចំដោយជោគជ័យទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ សាខាច្បារអំពៅ កាលពីសប្ដាហ៍កន្លងទៅនេះ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានបន្តរៀបចំទិវាគ្រួសារនៅសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ ដែលមានអាសយដ្ឋានតាមបណ្តោយផ្លូវ២០០៤ ដោយមានមាតាបិតា អ្នកអាណាព្យាបាលសិស្សប្រមាណ ៥,០០០នាក់ចូលរួម។

ដោយយល់ឃើញអំពីសារសំខាន់ ដែលមិនអាចខ្វះបានពីការចូលរួមរបស់សមាជិកក្រុមគ្រួសារ ជា ពិសេសមាតាបិតា និងអ្នកអាណាព្យាបាល ក្នុងការជំរុញសិស្សានុសិស្សឱ្យទទួលបានជោគជ័យក្នុងការសិក្សា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែរៀបចំទិវាគ្រួសារជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្ស មានពេលវេលារួមគ្នា ប្រកបដោយភាពសប្បាយរីករាយ ក្នុងបរិបទនៃការសិក្សា និងកម្សាន្ដ។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំឱ្យមានសកម្មភាពកម្សាន្ដជាច្រើន ដូចជាការប្រកួតបង្ហាញទេពកោសល្យគ្រួសារ ការសម្ដែងសិល្បៈ ការរាំ និងច្រៀងលេងកម្សាន្ដ ការប្រគំតន្ត្រីជាក្រុម និងការថតរូបជុំគ្រួសារជាដើម។

លើសពីសកម្មភាពសប្បាយរីករាយទាំងនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏ បានផ្ដួចផ្ដើមកម្មវិធីមនុស្សធម៌ ដើម្បីកៀរគរថវិកាមួយចំនួន យកទៅជួយគាំទ្រដល់បេសកកម្មរបស់អង្គការ លំនៅឋានមនុស្សជាតិកម្ពុជា។

ក្នុងនាមជាស្ថាប័នអប់រំមួយដែលមានការប្ដេជ្ញាចិត្តខ្ពស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែ យកចិត្តទុកដាក់ជាចម្បង លើការកសាងទំនាក់ទំនងល្អក្នុងស្មារតីសាមគ្គីភាព ជាមួយនឹងមាតាបិតា អ្នកអាណា ព្យាបាលសិស្ស និងសមាជិកគ្រប់រូបក្នុងសហគមន៍សាលាទាំងមូល។

ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៣ នៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សែនសុខ បានបញ្ចប់ទៅប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។

គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យបាលសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំរបស់សាលាទាំងអស់ ដែលបានចូលរួមញ៉ាំងឱ្យ ទិវាគ្រួសារនៅឆ្នាំនេះប្រព្រឹត្តទៅដោយជោគជ័យគួរជាទីមោទនៈ៕