(កូរ៉េ)៖ ក្រុមចម្រៀងនារីវ័យក្មេង NewJeans សិស្សប្អូនរបស់ក្រុម BTS ក្តោបក្តាប់បានពានរង្វាន់ធំជាងគេ ពីកម្មវិធី ពានរង្វាន់សិល្បករអាស៊ីហៅកាត់ AAA លើកទី៨។ ពានដែលពួកគេទទួលបាន គឺជាពានរង្វាន់ធំបំផុត២ រួមមានពានបទចម្រៀងប្រចាំឆ្នាំសម្រាប់បទ «Ditto» (ឌីរ៉ូ) និងពានតារាចម្រៀងប្រចាំឆ្នាំ ព្រមជាមួយពានរង្វាន់ផ្សេងៗទៀតសរុប ៦ពានរង្វាន់ម្នាក់ឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន All K-POP នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

កម្មវិធីពានរង្វាន់នេះ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅពហុកីឡដ្ឋាន Philippine Arena (ហ្វីលីពីន អារីណា) ដោយមានវត្តមានក្រុមចម្រៀងខេប៉ុបល្បីៗ និងតារាសម្ដែងជាច្រើនរូបចូលរួម។ កម្មវិធីនេះ ក្រៅពីការប្រគល់ពានរង្វាន់កម្មវិធីក៏មានការសម្ដែងដ៏អស្ចារ្យពីក្រុមចម្រៀងខេប៉ុបជាច្រើនដូចជា NewJeans, LE SSERAFIM (លើ សេរ៉ាហ្វីម), SEVENTEEN's BSS, Stray Kids (ស្ត្រេឃីដស៍), ITZY (អ៊ិតឈី),  និងតារាល្បីៗជាច្រើនទៀត។

គួរជម្រាបថា កម្មវិធីពានរង្វាន់ប្រចាំឆ្នាំមួយនេះ ត្រូវបានសហការរៀបចំដោយសារព័ត៌មាន STAR NEWS, TONZ ENTERTAINMENT (ថន់ស៍) និង PULP Live World (ផប់ ឡាយវើល) និងត្រូវបានគេស្គាល់ផងដែរថាជាកម្មវិធី Oscar និង Grammy របស់អាស៊ីដោយមានការផ្ដល់ពានរង្វាន់ដល់អ្នកមានស្នាដៃលេចធ្លោទូទាំងអាស៊ីទាំងសិល្បករ ផលិតករ អ្នកដឹកនាំនិងបុគ្គលល្បីផ្សេងៗ៕