(ពិភពលោក)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអេស្ប៉ាញ ដែលជាម្ចាស់ពានរង្វាន់ Women's World Cup 2023 នៅពេលនេះបានឡើងទៅឈរនៅចំណាត់ថ្នាក់ទី១ នៃតារាង FIFA Women's Rankings ជាលើកដំបូង ដោយបានជំនួសតំណែងក្រុមស្រ្តីស៊ុយអែត នៅចំណាត់ថ្នាក់កំពូលនេះ។ នេះបើយោងតាមស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមស្ត្រីអេស្ប៉ាញ គឺជាក្រុមទី៤ ដែលបានឡើងទៅគ្រងតំណែងកំពូលតារាង FIFA Women's Rankings នេះ បន្ទាប់ពីក្រុមស្ត្រីសហរដ្ឋអាមេរិក, អាល្លឺម៉ង់ និងស៊ុយអែត ខណៈបច្ចុប្បន្នក្រុមស្ត្រីសហរដ្ឋអាមេរិក បានឡើងទៅឈរនៅចំណាត់ថ្នាក់ទី២ ហើយបន្ទាប់មកក្រុមស្ត្រីបារាំង បានស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ដោយមានក្រុមស្ត្រីអង់គ្លេស ឈរលេខ៤។

ក្រុមស្រ្តីអេស្ប៉ាញ បានយកឈ្នះស្ត្រីអង់គ្លេស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Women's World Cup 2023 កាលពីខែសីហា ដោយបានឡើង ៤ចំណាត់ថ្នាក់ ទៅកាន់ចំណាត់ថ្នាក់ទី២។ ប៉ុន្តែចុងក្រោយនេះ ពួកគេបានឡើងទៅកាន់កំពូលតារាង បន្ទាប់ពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ក្នុងព្រឹត្តិការណ៍ UEFA Women's Nations League 2023។

ក្រុមអង់គ្លេស ដែលជាម្ចាស់ពានរង្វាន់ Women's European Champions ក៏បានជាប់នៅចំណាត់ថ្នាក់ទី៤ ស្របពេលដែលក្រុមស៊ុយអែត បានធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី៥ បន្ទាប់ពីពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី៣ ក្នុងការប្រកួតជម្រុះក្នុងពូល Nations League ដោយឈ្នះត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៦ប្រកួត។

សូមជម្រាបផងថា ខណៈពេលនេះចំនួនក្រុមបាល់ទាត់ នៅក្នុងតារាងចំណាត់ថ្នាក់ជម្រើសជាតិផ្នែកស្ត្រី ក៏បានកើនឡើងរហូតដល់កំណត់ត្រា ១៩២ប្រទេស ជាមួយនឹងការដាក់បញ្ចូលក្រុមសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងម៉ាកាវ ស្របពេលដែលកូរ៉េខាងជើង, អាមេរិកសាម័រ, ម៉ាដាហ្គាស្ការ និងបាហាម៉ាស បានលេចឡើងក្នុងបញ្ជីម្តងទៀត៕