(ហ្សឺរីច)៖ ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino ជឿជាក់ថា គោលនយោបាយរបស់ស្ថាប័ន ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីវិធីសាស្ត្រដើម្បីស្ត្រី នៅក្នុងវិស័យបាល់ទាត់ បាននិងកំពុងទទួលបានលទ្ធផលផ្លែផ្កា បន្ទាប់ពីស្ត្រីមួយចំនួន ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់កីឡដ្ឋាន ដើម្បីទស្សនាការប្រកួតបាល់ទាត់ នៅទីក្រុង Tehran នៅថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

អ្នកធ្វើយុទ្ធនាការសិទ្ធិស្ត្រី និងក្រុមមួយផ្សេងទៀត គឺក្រុមអតីតអត្តពលិកអ៊ីរ៉ង់ បានស្នើឱ្យ FIFA ហាមឃាត់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ពីព្រឹត្តិការណ៍ World Cup ដោយសារតែការបន្តមិនអនុញ្ញាតឱ្យស្ត្រី ចូលទស្សនាការប្រកួតបាល់ទាត់។

លោក Gianni Infantino បានស្វាគមន៍ចំពោះព័ត៌មានថា ស្ត្រីត្រូវបានអនុញ្ញាតឱ្យចូលរួមទស្សនាការប្រកួតបាល់ទាត់ ក្នុងពានរង្វាន់ Iran Pro League កាលពីថ្ងៃព្រហស្បតិ៍ ដោយថាជាសញ្ញានៃភាពជោគជ័យរបស់ខ្លួន។

លោក Infantino បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ «កាលពីខែកញ្ញា, ខ្ញុំបានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នៅទីក្រុង New York City, ដោយបានពិភាក្សាគ្នា ពីការអភិវឌ្ឍស្ត្រីក្នុងវិស័យបាល់ទាត់ នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយការវិវឌ្ឍបានកើតឡើង ដោយមានវត្តមានស្ត្រីក្នុងកីឡដ្ឋាន ហើយពិតជារីករាយណាស់ ដែលខ្ញុំបានទទួលដំណឹងថា ស្ត្រីប្រមាណ ៣,០០០នាក់ បានចូលរួមក្នុងការប្រកួតនៅទីក្រុង Tehran រវាងក្លិប Persepolis FC និង Esteghlal FC»

លោក Infantino បានលើកឡើងថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ នៅពេលឆាប់ៗខាងមុខនេះ ហើយអាចនឹងជួបគ្នាម្តងទៀត ជាមួយប្រធានាធិបតី Raisi «ដើម្បីពិភាក្សាបន្ថែមទៀត អំពីបញ្ហាដែលជាប់ពាក់ព័ន្ធនឹងបាល់ទាត់»