(វែលលីងតុន)៖ ប្រទេសណូវែលសេឡង់ ទទួលបានផលចំណេញសេដ្ឋកិច្ចសុទ្ធចំនួន ១០៩.៥លានដុល្លារណូវែលសេឡង់ ដែលស្មើនិងប្រមាណ ៦៧.៨៧លានដុល្លារ ពីការធ្វើជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ Women's World Cup 2023 ជាមួយនឹងប្រទេសអូស្ត្រាលី កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

របាយការណ៍បានឱ្យដឹងថា មនុស្សប្រមាណ ២៧,០០០នាក់ បានធ្វើដំណើរទៅកាន់ប្រទេសណូវែលសេឡង់ អំឡុងពេលព្រឹត្តិការណ៍ Women's World Cup 2023 ដែលធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែកក្កដា ហើយពួកគេបានចំណាយប្រាក់ជាង ៨០លានដុល្លារណូវែលសេឡង់ លើការស្នាក់នៅ, អាហារ, ការដឹកជញ្ជូន និងការទិញទំនិញ។

ក្នុងពេលធ្វើសហម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ, ណូវែលសេឡង់ បានលក់សំបុត្រជាង ៧៤០,០០០សន្លឹក សម្រាប់ការប្រកួតចំនួន ២៩លើក ដែលធ្វើឡើងនៅទីក្រុង Auckland, Wellington, Hamilton និងទីក្រុង Dunedin ដ្បិតក្រុមជម្រើសជាតិស្ត្រីណូវែលសេឡង់ បានជ្រុះត្រឹមវគ្គចែកពូលក្នុងព្រឹត្តិការណ៍នេះ។

បើទោះបីចាការលក់សំបុត្រ មានភាពយឺតយ៉ាវ សម្រាប់ការប្រកួតមួយចំនួន ខណៈ FIFA បានផ្តល់សំបុត្ររាប់ពាន់សន្លឹកក៏ដោយ ប៉ុន្តែកំណត់ត្រាហ្វូងមនុស្សដ៏ច្រើន បានមានការចូលរួមទស្សនាការប្រកួតបាល់ទាត់ នៅក្នុងប្រទេសនេះ បានកើនឡើងលើសចំនួន ៣ដង នៅឯកីឡដ្ឋាន Eden Park ស្ថិតក្នុងទីក្រុង Auckland។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា សុរបមកប្រទេសណូវែលសេឡង់ ទទួលបានទឹកប្រាក់ ១.៣៤ដុល្លារណូវែលសេឡង់ ពីគ្រប់ប្រាក់ដុល្លារដែលបានវិនិយោគ នៅក្នុងព្រឹត្តិការណ៍នេះ ហើយសរុបជាផលចំណេញសេដ្ឋកិច្ច គឺកើនឡើងទ្វេរដង ជាងអ្វីដែលរដ្ឋាភិបាលបានរំពឹងទុក។

បញ្ជាក់ផងថា ព្រឹត្តិការណ៍ Women's World Cup 2023 រកបានចំណូលជាង ៥៧០លានដុល្លារអាមេរិក សម្រាប់ FIFA ដែលអាចធ្វើឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ ធ្វើការដោះស្រាយបាន បើទោះបីជាមានការដំឡើងប្រាក់រង្វាន់ក៏ដោយ៕