(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បើកកិច្ចប្រជុំពិភាក្សាផែនការសកម្មភាព ដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងលើសកម្មភាពដែលធ្វើកន្លងមក និងរៀបចំផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំស្ដីពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល គណៈកម្មាធិការ គណៈកម្មការ និងសមាជិកក្រុមប្រឹក្សាភិបាលមក ពីបណ្ដាសាខាខេត្ត ដូចជាសៀមរាប បន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ចាម និងព្រះសីហនុ ក្រោមការដឹកនាំរបស់ ឧកញ៉ា ប៉ិច បូឡែន ប្រធាន លោក ស គីណាល់ អនុប្រធានប្រតិបត្តិ លោកស្រី យូ បូរី អនុប្រធាន និងលោក ឡាយ គីមសួរ អនុប្រធាន។

គោលបំណងសំខាន់នៃកិច្ចប្រជុំថ្នាក់ដឹកនាំ សមាគមទាំងអស់នេះ ដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងទៅលើសកម្មភាព ដែលសមាគមធ្លាប់បានធ្វើកន្លងមក និងរៀបចំផែនការយុទ្ធសាស្ត្រថ្មី សម្រាប់ឆ្នាំ២០២៤ ដោយមានការជជែកពិភាក្សា យ៉ាងស៊ីជម្រៅ ទៅលើអនុវិស័យសេដ្ឋកិច្ចសំខាន់ៗនីមួយៗ ដើម្បីអនុវត្តផែនការស្របតាមទិសដៅយុទ្ធសាស្ត្រទាំង៦ របស់សមាគមរួមមាន៖

១៖ លទ្ធភាពទទួលបានហិរញ្ញប្បទាន និងទុនវិនិយោគ។
២៖ MSMEs បែបឌីជីថល និងអាជីវកម្មបរិយាបន្ន។
៣៖ កម្លាំងពលកម្មដែលមានជំនាញ។
៤៖ ទំនាក់ទំនង និងគោលនយោបាយឧស្សាហកម្ម។
៥៖ កិច្ចការអន្តរជាតិ ទីផ្សារអាស៊ាននិងអន្តរជាតិ។
៦៖ ភាពធន់ និរន្តរភាព និងចីរភាពសមាគម។

ដើម្បីឆ្ពោះទៅសម្រេចបាននូវទិសដៅយុទ្ធសាស្ត្រខាងលើ សមាគមបានបង្កើតគណៈកម្មាធិការចំនួន៦រួមមាន គណៈកម្មាធិការទី១ ស្ដីពីលទ្ធភាពទទួលបានហិរញ្ញប្បទាន, គណៈកម្មាធិការទី២ ស្ដីពីឌីជីថលូបនីយកម្ម និងបរិយាបន្នកម្មសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម, គណៈកម្មាធិការទី៣ ស្ដីពីការអភិវឌ្ឍសមត្ថភាពសហគ្រាស, គណៈកម្មាធិការទី៤ ស្ដីពីគោលនយោបាយសហគ្រាសធុនតូច និងមធ្យម, គណៈកម្មាធិការទី៥ស្ដីពី លទ្ធភាពទទួលបានឱកាសទីផ្សារ និងគណៈកម្មាធិការទី៦ ស្ដីពីអភិបាលកិច្ចសមាគម។

ដើម្បីជាសេនាធិការរបស់គណៈកម្មាធិការទាំង៦ សមាគមបានបង្កើតគណៈកម្មការជំនាញចំនួន១៦បន្ថែមទៀតរួមមាន៖ ១៖ គណៈកម្មការទទួលបន្ទុកលទ្ធភាព ទទួលបានហិរញ្ញប្បទានបំណុល, ២៖ គណៈកម្មការទទួលបន្ទុកលទ្ធភាព ទទួលបានហិរញ្ញប្បទានមូលធន, ៣៖ គណៈកម្មការទទួលបន្ទុកឌីជីថលូបនីយកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម, ៤៖ គណៈកម្មការទទួលបន្ទុកអាជីវកម្មបរិយាបន្ន និងសេដ្ឋកិច្ចច្នៃប្រឌិត, ៥៖ គណៈកម្មការទទួលបន្ទុក មជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង, ៦៖ គណៈកម្មការទទួលបន្ទុកសហគ្រិនស្ត្រីវ័យក្មេង, ៧៖ គណៈកម្មការទទួលបន្ទុកទំនាក់ទំនងវិជ្ជាជីវៈ, ៨៖ គណៈកម្មការទទួលបន្ទុកក្រុមការងារជំនាញទាំង១៤, ៩៖ គណៈកម្មការទទួលបន្ទុកក្រុមការងារគយ និងពន្ធដារ និងអនុលោមច្បាប់, ១០៖ គណៈកម្មការទទួលបន្ទុកទំនាក់ទំនងសាធារណៈ, ១១៖ គណៈកម្មការទទួលបន្ទុកកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ១២៖ គណៈកម្មការទទួលបន្ទុកលទ្ធភាពទទួលបានឱកាសទីផ្សារ,១៣៖ គណៈកម្មការទទួលបន្ទុកខ្សែក្រវាត់ និងផ្លូវ, ១៤៖ គណៈកម្មការទទួលបន្ទុកពង្រឹង និងអភិវឌ្ឍសាខាខេត្ត, ១៥៖ គណៈកម្មការទទួលបន្ទុកទំនាក់ទំនងសមាជិក, និង១៦៖ គណៈកម្មការទទួលបន្ទុកមូលនិធិទ្រទ្រង់សមាគម។

គណៈកម្មាធិការ និងគណៈកម្មការដែលត្រូវបានបង្កើតឡើងដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជាខាងលើ ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រអាណត្តិទី៦ របស់សមាគម តាមរយៈការរៀបចំផែនការសកម្មភាពជាក់លាក់ តាមជំនាញ និងវិស័យអាទិភាពនីមួយៗ ដោយចាប់ផ្ដើមពី ឆ្នាំ២០២៤ ដើម្បីជំរុញ និងលើកកម្ពស់ដល់ក្រុមហ៊ុនសហគ្រាសធុនមីក្រូតូច និងមធ្យមជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងនីតិកាលទី៧នេះ៕