(អាមេរិក)៖ តារាសម្តែង Dwayne Johnson ហៅ The Rock នឹងសម្ដែងជាតួអង្គអ្នកប្រយុទ្ធ MMA Mark Kerr នៅក្នុងខ្សែភាពយន្តថ្មី មានចំណងជើងថា «The Smashing Machine»។ តារាសម្តែងវ័យ៥១ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសជាជើងឯក UFC Heavyweight Tournament Champion ពីរដងក្នុងរឿងថ្មី ដែលត្រូវបានដឹកនាំដោយ Benny Safdie ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

អ្នកដឹកនាំរឿង Benny Safdie ត្រូវបានគេដឹងថា ធ្លាប់សរសេរ និងដឹកនាំរឿង Flick ហើយបានធ្វើការជាមួយ The Rock នៅលើខ្សែភាពយន្តនេះតាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ តែយ៉ាងណា នៅក្នុងខ្សែភាពយន្តថ្មីនេះ នឹងមើលឃើញថា The Rock ត្រឡប់មករកឫសគល់​ នៃការងាររបស់លោកវិញ ពោលគឺនៅពេលដែលលោកបានចាប់ផ្តើមអាជីពជាកីឡាកាស និងជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់ WWE នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០។

គួរជម្រាបថា ក្រៅពីអាជីពកីឡាកាស និងសម្តែង នាពេលថ្មីៗនេះតារាប្រុស The Rock ធ្លាប់អះអាងថា លោកមានគម្រោងឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកនាពេលខាងមុខ ខណៈការស្ទង់មតិបង្ហាញថា លោកមានការគាំទ្រពីសាធារណជន ច្រើនលើសលុប៕