(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតយានអវកាសអាមេរិក SpaceX បានទទួលការយល់ព្រមពីគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ដើម្បីធ្វើការសាកល្បងបច្ចេកវិទ្យា «direct-to-cell» ថ្មីក្នុងគោលបំណងធ្វើតេស្តសេវាទូរស័ព្ទ ជាមួយនឹងផ្កាយរណប Starlink។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹងពី FCC បានបញ្ជាក់ថា នឹងអនុញ្ញាតឱ្យ SpaceX ទទួលបានសិទ្ធធ្វើការសាកល្បងបច្ចេកវិទ្យាថ្មីរយៈពេល ៦ខែដោយក្នុងនោះមានឧបករណ៍ស្មាតហ្វូនចូលរួមប្រមាណ ២,០០០គ្រឿង និងផ្កាយរណបចំនួន ៨៤០គ្រឿង។ ខណៈដំណើរការសាកល្បងនេះ SpaceX ត្រូវបានគេឱ្យដឹងថា នឹងចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនអាមេរិក T-Mobile US Inc ហើយប្រសិនបើការសាកល្បងលើកនេះទទួលបានជោគជ័យនោះ SpaceX នឹងចាប់ផ្តើមដាក់ដំណើរសេវាកម្ម «direct-to-cell» របស់គេតែម្តង ក៏ដូចជាតំបន់ដាច់ស្រយាលមួយចំនួននឹងអាចមានអ៊ីនធឺណិតប្រើប្រាស់ផងដែរ។

គួរជម្រាបដែរថា នេះជាលើកដំបូងហើយដែល FCC បានយល់ព្រមឱ្យធ្វើតេស្តសាកល្បង ដោយឡែកកាលពីឆ្នាំ២០២២ កន្លងទៅ SpaceX ធ្លាប់បានស្នើរសុំម្តងដែល ប៉ុន្តែត្រូវបានបដិសេធជាមួយនឹងគម្រោងឧបត្ថម្ភធនអ៊ីនធឺណីតនៅតាមជនបទ និងតំបន់ដាច់ស្រយាលដែលមានតម្លៃប្រមាណ ៨៨៥.៥លានដុល្លារ៕