(ភ្នំពេញ)៖ ពិធីការិនី និងជាតារាសម្ដែងល្បីឈ្មោះមួយរូប ក្នុងវិស័យសិល្បៈ ឌួង ហ្សូរីដា បានលើកពានជាអគ្គនាយិកាឆ្នើម ប្រចាំឆ្នាំ២០២៣ (Outstanding CEO Award 2023) ពី Ceo Master Club បន្ទាប់ពីរូបនាងបានតស៊ីស្វែងយល់ និងបញ្ចប់ការសិក្សាតាំងពីឆ្នាំ២០១៨ ​ខណៈដែល​ពានមួយ​នេះ គឺជា​កិតិ្តយស​មួយ​​សម្រាប់រូបនាង ជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ព្រោះមិនមែននរណាចង់​បាន ត្រូវ​តែបាននោះទេ គឺមានក្រុមហ៊ុនដល់ទៅ១០០ ឯណោះ ដែលចូលរួមប្រកួត តែសម្រាប់ពាន Outstanding Ceo Award 2023 ឆ្នាំនេះ ទទួលបានតែ១០នាក់ប៉ុណ្ណោះ។ ពិធីប្រគល់ពានរង្វាន់ដល់អគ្គនាយិកាឆ្នើមនេះ ត្រូវបានរៀបចំកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានដឺព្រេមៀសេនធ័រ សែនសុខ ក្រោម​អធិបតីភាពលោក ហ៊ុន ម៉ានី រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកគ្រូធំ បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក CEO Master Club និងម្ចាស់អាជីវកម្ម​កម្ពុជា​​ជាច្រើននាក់​ទៀត​​។

តារាសម្ដែង ឌួង ហ្សូរីដា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ពាន Outstanding Ceo Award 2023 គឺគេផ្ដោតលើអគ្គនាយក ឬអគ្គនាយិកាឆ្នើមប្រចាំឆ្នាំ ហើយខាង Ceo Master Club ​មានគណៈកម្មការវាយតម្លៃច្បាស់លាស់ ពោលគឺទាល់តែក្រុមហ៊ុនមានស្ដង់ដាគ្រប់គ្រាន់ ទើបអាចប្រឡងយកពានមួយនេះបាន។ កាលពីឆ្នាំ២០១៨ នាងបានបញ្ចប់​ការ​សិក្សាទាំង១៣វគ្គ ពី Ceo Master Club ហើយពានមួយនេះជាលើកទី១ សម្រាប់ក្រុម​ហ៊ុន​របស់នាង​​ដែលទទួលបាន ព្រោះទាល់តែយើងមានសមត្ថភាព ហើយក្រុមហ៊ុនសមស្របតាមស្ដង់​ដា ​ក្នុងនាមជាសហគ្រិន ទើបមេប្រយោគផ្ដល់ឲ្យយើងបានឈ្នះពានមួយនេះ។

នាងរំឭកថា កាល​ពី​ឆ្នាំ២០១៦ នាងមានក្រុមហ៊ុនតែ២ទេគឺ Cambodia Super Model និងដាណាម៉ាកាត់ដេរ តែ​ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានពង្រីកក្រុមហ៊ុនជាបន្ដបន្ទាប់ ហើយពាននេះបើ​យើងរកស៊ី​ខាត​ក៏គេមិនឲ្យឈ្នះពានដែរ។ នាងថា​ ក្រោយ​ទទួល​បានពានមួយនេះហើយ​ក្រុមហ៊ុន ក៏អាចវិនិយោគ​ជាមួយក្រុមហ៊ុន​បរទេស​បាន​ដែរ ព្រោះ​អ្នក​រកស៊ីធំៗគេត្រូវការក្រុមហ៊ុនស្ដង់ដា មានការបង់ពន្ធត្រឹមត្រូវ និង​ទទួល​ស្គាល់​​ពីរដ្ឋាភិបាល ដូចជាការទទួលបានពានមួយនេះដែរ។

គិតត្រឹមឆ្នាំ២០២៣ នេះ ពិធីការិនី ឌួង ហ្សូរីដា មានក្រុមហ៊ុនដូចជារៀបចំក្រុមម៉ូដែល (Agency) ហាងកាត់ដេដាណាម៉ា, Mudhita Tranding Co.Ltd ជាក្រុមហ៊ុននាំចូលគ្រឿងសម្អាង​ និង​ផលិតគ្រឿងសម្អាងខ្លួនឯង, ហាង Tube Coffee និងសាខាហាង Coffee Amazone ផងដែរ។ ហ្សូរីដា បង្ហើបថាសម្រាប់ឆ្នាំ២០២៤ នេះដោយសារតែពិភពលោក ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាសាកល ហេតុ​នេះ​នាងផ្អាក​គម្រោងពង្រីកអាជីវកម្ម គឺធ្វើយ៉ាងណាទប់លំនឹងក្រុមហ៊ុនឲ្យដំណើរការធម្មតា និងមិនចំ​ណាយ​អត់ប្រយោជន៍ ទៅលើអ្វីដែលមិនចាំបាច់ និយាយទៅមិន​ចាយវាយ​ផ្ដេសផ្ដាសនោះទេ ​គឺមិនធ្វើអ្វីដែលល្អតែមុខឡើយ តែត្រូវពង្រឹងទៅលើការផលិត និងនាំចូល​ផលិតផលដែលមានគុណភាព។ ក្រៅពីពាន Outstanding Ceo Award 2023 ក្រុមហ៊ុនរបស់នាងធ្លាប់​ទទួល​បាន​ពាន នៅក្រៅស្រុក ៥ទៅ៦ដងរួចមកហើយ។

ក្នុងស្ថានភាពទឹកភ្នែករលីងរលោង រំភើបពេកក្រៃនោះ ឌួង ហ្សូរីដា បានថ្លែងបន្តថា «ជោគជ័យទាំងអស់នេះ គឺជាអ្វីដែលម្ដាយខ្ញុំចង់ឃើញ កូនស្រីម្នាក់នេះទទួលបាន ហើយថាសមិទ្ធផលទាំងអស់នេះ គឺជារបស់គាត់ (ម្ដាយ) អ្នកបង្កើតខ្ញុំមកក្លាយទៅជាស្រ្ដីដ៏រឹងមាំនៅថ្ងៃនេះ។ ពានដែលខ្ញុំទទួលបាននេះ ខ្ញុំសូមឧទ្ទិសកុសល​ជូនដល់​ម្ដាយរបស់ខ្ញុំ ព្រោះទោះជាលោកបានចាកចេញពីខ្ញុំទៅហើយក្ដី ប៉ុន្ដែអារម្មណ៍ខ្ញុំនៅតែគិតថា អ្នកម្ដាយនៅក្បែរៗ និងតាមថែរក្សាកូនជានិច្ច..!»។

ជាមួយគ្នានេះតារាសម្ដែង ឌួង ហ្សូរីដា ក៏មិនភ្លេចពីការចូលរួមចំណែក យ៉ាងសកម្មរហូតទទួលបានពាននៅពេលនេះថា បុគ្គលិគរបស់នាងគ្រប់ផ្នែកទាំងអស់ ជា​អ្នកនៅពី​ក្រោយខ្នងនៃភាព​ជោគ​ជ័យរបស់នាង ពិសេសគឺអតិថិជនទាំងអស់ ជាអ្នកគាំទ្រក្រុមហ៊ុន Mudhita Tranding Co.Ltd ដែលដំណើរការដោយរលូន អស់រយៈពេល៦ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ឌួង ហ្សូរីដា ជាសមាជិកពេញមួយជីវិតរបស់ Ceo Master Club លេខ​រៀង​ទី១៥១ ហើយក្រុមហ៊ុនដែលនាង យកទៅប្រកួតឆ្នាំ២០២៣ នេះគឺក្រុមហ៊ុន Mudhita Tranding Co.Ltd រហូតទទួលបានពានជាអគ្គនាយិកាឆ្នើមប្រចាំឆ្នាំ២០២៣ (Outstanding Ceo Award 2023 )៕