(លីម៉ា)៖ សមាគមបាល់ទាត់ប៉េរូ (FPF) បានសម្រេចបណ្តេញគ្រូបង្វឹក លោក Juan Reynoso ចេញពីតំណែង បន្ទាប់ពីដំណើរការដឹកនាំទទួលបានលទ្ធផលមិនល្អ នៅក្នុងការប្រកួតបើកឆាករបស់ពួកគេ ក្នុងការជម្រុះប្រចាំទ្វីបអាម៉េរិកខាងត្បូង សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ២០២៦។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់ប៉េរូ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ជម្រើសជាតិប៉េរូ កំពុងស្ថិតនៅបាតតារាង នៃការប្រកួតជម្រុះ World Cup ប្រចាំទ្វីបអាម៉េរិកខាងត្បូង ដោយមានត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីលេងស្មើ ២ប្រកួត និងចាញ់ ៤ប្រកួត ក្រោមការដឹកនាំរបស់លោក Juan Reynoso។

រំលឹកផងថា លោក Reynoso ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិប៉េរូ ក្នុងឆ្នាំ២០២២ ជំនួសតំណែងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Ricardo Gareca ដែលបានដឹកនាំប៉េរូ ឡើងទៅកាន់ព្រឹត្តិការណ៍ World Cup ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៣៦ឆ្នាំ កាលពីឆ្នាំ២០១៨។

សូមជម្រាបថា ជម្រើសជាតិប៉េរូ នឹងចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះ FIFA World Cup របស់ពួកគេក្នុងខែកញ្ញាឆ្នាំក្រោយ ទល់នឹងក្រុមកូឡុំប៊ី និងជម្រើសជាតិអេក្វាឌ័រ៕