(បរទេស)៖ ថ្មីៗនេះទទួលបានដណឹងមកថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW Group ទទួលបានអាជ្ញាប័ណ្ណបើកបររថយន្តសាកល្បងជាលើកដំបូងនៅលើផ្លូវល្បឿនលឿនទីក្រុងសៀងហៃ ប្រទេសចិន ជាមួយនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង «L3 Self-Driving» ឬ Level 3 Autonomous។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពជាច្រើនបានឱ្យដឹងថា ប្រសិនបើ BMW ធ្វើការបើកបរសាកល្បងរថយន្តម៉ូដែលថ្មីរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង «L3 Autonomous» ទទួលបានជោគជ័យ និងស្របតាមបទបញ្ញត្តិរបស់ប្រទេសចិននោះ BMW នឹងអាចដាក់លក់រថយន្តនៅក្នុងទីផ្សារប្រទេសចិនហើយ ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោក។

គួរបញ្ញាក់ដែរថា បច្ចេកវិទ្យា L3 Autonomous នេះមិនមែនជាបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តនោះទេ មានន័យថា អ្នកប្រើប្រាស់ត្រូវតែមានវត្តមាននៅក្នុងរថយន្ត ដោយគ្រាន់តែវាអាចធ្វើការបើកបរដោយខ្លួនឯងក្នុងពេលវេលាណាមួយ និងនៅលើផ្លូវណាមួយប៉ុណ្ណោះ។ ខណៈបច្ចេកវិទ្យាថ្មីរបស់ BMW នេះវាមានសមត្ថភាពរក្សាល្បឿន និងចម្ងាយពីរថយន្តផ្សេងដែលស្ថិតក្នុងពេលបើកបរដូចគ្នា រក្សារគន្លងផ្លូវ និងផ្តល់សញ្ញាពីបញ្ហាចរាចរណ៍ជាដើម៕