(បរទេស)៖ បើនិយាយពីម៉ាកសម្លៀកបំពាក់ប្រណិតរបស់បារាំង Chanel ជឿជាក់ថា មានទស្សនិកជនច្រើនណាស់ដែលបានស្គាល់ ឬក៏ជាអ្នកគាំទ្រម៉ាកនេះក៏ថាបាន ខណៈថ្មីៗនេះ ម៉ាកសម្លៀកបំពាក់ Chanel បានបិទផ្លូវមួយនៅទីក្រុង Manchester ប្រទេសអង់គ្លេស ដើម្បីរៀបចំកម្មវិធីបង្ហាញម៉ូដប្រចាំឆ្នាំដ៏ធំមួយរបស់ខ្លួន។ នេះបើតាមការចេញដោយគេហទំព័រ Euro news។

ក្នុងកម្មវិធីនោះ គឺឃើញមានតារាម៉ូដែលជាច្រើនបានធ្វើម៉ូដសក់បែបទសវត្សរ៍ឆ្នាំ ១៩៦០ និងបង្ហាញខ្លួនជាមួយឈុតប្រណិតថ្មីប្រចាំត្រកូលរបស់ Chanel ដែលមានចម្រុះពណ៌ទាំងពណ៌ផ្កាឈូក ពណ៌ទឹកក្រូច និងបៃតង ជាមួយនឹងស្បែកជើង Mary Jane (ម៉ារី ជេន) កែងទាប។ ក្នុងនោះមានភ្ញៀវ​ចូលរួមទស្សនាជាង​៦០០​នាក់​ ហើយ​ជា​ការ​ពិត អ្វីដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​មាន​វត្តមានរបស់តារា​ល្បី​ៗ​ជា​ច្រើនចូលរួមទស្សនាដូចជា តារាសម្ដែងអង់គ្លេស Tilda Swinton (ធីលដា ស្វីនថុន), Hugh Grant (ហ្យូ គ្រេន) និង Kristen Stewart (គ្រីស្ទីន ស្តេវើត) តារាម៉ូដែល Alexa Chung (អាឡិចសា ឆុង) និងតារារ៉េបអង់គ្លេស Aitch (អេចឆ៍) បានមកជួបជុំគ្នាដើម្បីទស្សនាការបង្ហាញម៉ូដនៅលើផ្លូវ Thomas Street (ថូម៉ាស ស្ទ្រីត) នៃទីក្រុង Manchester។

គួរជម្រាបថា ព្រឹត្តិការណ៍ម៉ូដប្រចាំឆ្នាំនេះ បានបង្ហាញអំពីការដេរប៉ាក់ និងស្នាដៃសិប្បកម្មផ្សេងទៀតដែលផលិតនៅអគារសិក្ខាសាលាពិសេសរបស់ Chanel នៅជាយក្រុងប៉ារីសភាគខាងជើង។ ទីក្រុង Manchester មានទំនាក់ទំនងជាពិសេសជាមួយវិស័យម៉ូដតាំងពីសតវត្សទី១៨ ដោយបានក្លាយជាមជ្ឈមណ្ឌលនៃឧស្សាហកម្មវាយនភ័ណ្ឌរបស់ចក្រភពអង់គ្លេសតាំងពីពេលនោះ៕