(ប៉ាតាយ៉ា)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងបណ្ដោះអាសន្ន (ប្រាក់ ១ និងសំរឹទ្ធ ៣) គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក WGP1 Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

សម្រាប់លទ្ធផលទទួលបានពីការប្រកួត ២ថ្ងៃកន្លងមក សម្រាប់មេដាយប្រាក់ ដណ្ដើមបានដោយកីឡាករ ម៉ីន មូសស្ដាន លើវិញ្ញាសា Expert Ski GF ។ រីឯមេដាយសំរឹទ្ធ ៣គ្រឿង គឺដណ្ដើមបានដោយកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Runabout 1100 Limited, កីឡាករ ម៉ីន អូស្មាន់ លើវិញ្ញាសា Novice Ski Stock និងកីឡាករ កៃវ៉ាន់ ស៊ីដែន លើវិញ្ញាសា Novice Ski Stock ។

គួរដឹងថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក WGP1 Jet Ski World Series 2023 ជុំផ្ដាច់ព្រ័ត្រ នៅថៃនេះ គឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ដោយមានកីឡាករខ្លាំងៗ ជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានកីឡាករកម្ពុជាច្រើនរូបផងដែរ ដែលដឹកនាំដោយប្រធានក្រុមវីរកីឡាករ សាលី អ៊ូមើត ។ ការប្រកួតនេះបានរៀបចំ ៣ជុំរួចមកហើយ ដោយជុំទី១ ធ្វើឡើងប្រទេសប៉ូឡូញ កាលពីខែឧសភា តែក្រុមម៉ូតូទឹកកម្ពុជា ពុំបានចូលរួមនោះទេ ព្រោះជាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

បន្ទាប់មកជុំទី២ នៅប្រទេសបារាំង ទើបក្រុមកម្ពុជាបានចូលរួម ដោយដណ្ដើមបានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ សរុប ៤គ្រឿង មុនសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រកួតជុំទី៣ នៅសហរដ្ឋអាមេរិក ដោយក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយរហូតដល់ ៩គ្រឿង (មាស ៤ ប្រាក់ ៤ និងសំរឹទ្ធ ១) ៕