(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាក្លិបបាល់ទាត់កម្ពុជាដំបូងគេ ដែលបានឆ្លងផុតវគ្គចែកពូល ទៅកាន់វគ្គ Knockout Stage ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២)ប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 ។

កំណត់ត្រាថ្មី ដែលក្រុមសិង្ហក្រហមបានបង្កើតក្នុងពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង សម្រាប់គ្រួសារបាល់ទាត់ក្នុងតំបន់ ពិសេសបណ្ដាក្លិប និងអ្នកគាំទ្រកម្ពុជា សុទ្ធតែបានសម្ដែងការសាទរ ចំពោះសមិទ្ធផលថ្មី នៃក្រុមបាល់ទាត់តំណាងកម្ពុជានេះ ។

ទោះបីក្នុងក្របខណ្ឌលីគកំពូលកម្ពុជា គឺជាសមរភូមិប្រកួតប្រជែង តែតាមរយៈជោគជ័យរបស់ក្លិបភ្នំពេញក្រោន ភ្លាមៗគេឃើញមានក្លិបជាច្រើន បានបង្ហោះសារអបអរសាទរ ដូចជាក្លិបព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត, ណាហ្គាវើលដ៏, ISI ដង្កោសែនជ័យ និងកងយោធពលខេមរភូមិន្ទជាដើម ។ រីឯអ្នកគាំទ្រក៏បានចូលរួមអបអរសាទរយ៉ាងផុសផុលផងដែរ ។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួត F នៃពានរង្វាន់ AFC Cup 2023/24 ចាញ់ក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ២-១ កាលពីយប់មិញ ភ្នំពេញក្រោន បានឈរលេខ២ ក្នុងពូល ដោយរកបាន ១២ពិន្ទុ ចាញ់ក្រុមកំពូលតារាង Macarthur FC របស់អូស្ដ្រាលី ៣ពិន្ទុ តែក្រុមទាំងពីរ បានដឹកដៃគ្នាឡើងវគ្គបន្ដ ដោយភ្នំពេញក្រោន បានឆ្លងផុតវគ្គចែកពូល ក្នុងនាមក្រុមលេខ២ ល្អជាងគេប្រចាំតំបន់អាស៊ាន ។

នេះជាលើកដំបូងហើយ ដែលក្លិបបាល់ទាត់កម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន ក្នុងក្របខណ្ឌពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី AFC Cup ដ្បិតកន្លងមកក្លិបបាល់ទាត់កម្ពុជា មានដូចជាភ្នំពេញក្រោនផ្ទាល់ បឹងកេត ណាហ្គាវើលដ៏ និងវិសាខាជាដើម បានលេងត្រឹមវគ្គចែកពូលនេះប៉ុណ្ណោះ ៕