(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន បានបើកទំព័រប្រវត្តិសាស្ដ្រ ក្លាយជាក្លិបបាល់ទាត់កម្ពុជាដំបូង ដែលឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២)ប្រចាំតំបន់អាស៊ាន នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2023/24 ជាផ្លូវការហើយ ទោះបីការប្រកួតបញ្ចប់ពូល F នៅរាត្រីថ្ងៃទី១៤ ខែធ្នូនេះ ចាញ់ក្រុមម្ចាស់ផ្ទះ Shan United ២-១ ក៏ដោយ។

សម្រាប់ជំនួបកាត់សេចក្ដី នៅកីឡដ្ឋាន Thuwunna នេះ ភ្នំពេញក្រោន បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដោយកីឡាករ Andres Nieto នៅនាទី៣១ មុនក្រុម Shan United វាយបកបាន ២គ្រាប់វិញ នៅចុងវគ្គទី១ ដោយកីឡាករ Racheen Bello នៅនាទី៤២ និងមិត្តរួមក្រុម Ye Yint Aung នៅនាទី៤៥+១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

ទោះបីបរាជ័យក៏ពិតមែន តែក្រុមភ្នំពេញក្រោន នៅតែមានគ្រាប់បាល់ចំណេញច្រើនជាងគូប្រជែង ក្នុងនាមបេក្ខភាពក្រុមលេខ២ ល្អជាងគេប្រចាំតំបន់អាស៊ាន។ ការណ៍នេះ នាំឲ្យក្រុមជើងឯកលីគកំពូលកម្ពុជានេះ ឆ្លងផុតវគ្គចែកពូល និងឡើងទៅវគ្គ Knockout Stage ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 ជាមួយក្រុម Macarthur FC របស់អូស្ដ្រាលី ដែលឈរកំពូលតារាងពូល F តែម្ដង។

គួរដឹងថា នេះជាលើកដំបូងហើយ ដែលក្លិបបាល់ទាត់កម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន ក្នុងក្របខណ្ឌពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ាននេះ ដ្បិតកន្លងមកក្លិបបាល់ទាត់កម្ពុជា មានដូចជាភ្នំពេញក្រោន បឹងកេត ណាហ្គាវើលដ៏ និងវិសាខាជាដើម បានលេងត្រឹមវគ្គចែកពូលនេះប៉ុណ្ណោះ៕