(ភ្នំពេញ)៖ ក្រុមហ៊ុន ADATA Technology Co., Ltd បានធ្វើសន្និសីទសារព័ត៌មាននៅសណ្ឋាគារ សូហ្វីតែល នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ ដើម្បីប្រកាសពីផែនការវិនិយោគរបស់ក្រុមហ៊ុនផ្ទាល់ នៅលើទឹកដីកម្ពុជា។

ចូលរួមជាអធិបតីនៃសន្និសីទនោះដែរ មានលោកស្រី នឹម វណ្ណៈ អគ្គនាយិការគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់នៅកម្ពុជា និងលោក Chen Chien Wen ជាតំណាងក្រុមហ៊ុន ADATA Technology Co., Ltd ដែលបានស្នើសុំសិទ្ធិអាជ្ញាប័ណ្ណវិនិយោគកាបូន។

ស្ថិតក្នុងសន្និសីទសារព័ត៌មាននេះដែរ ក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញពីផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុននឹងវិនិយោគចំនួនទឹកប្រាក់ចំនួន១០០លានដុល្លារ អាម៉េរិកនៅលើទឹកដីកម្ពុជា ដើម្បីបង្កើតរោងចក្រកែច្នៃផលិតផលអេឡិចត្រូនិក ដើម្បីផលិតប្រភេទ USB hard drive និងផលិតផលអេឡិចត្រូនិកផ្សេងទៀត ហើយក្រុមហ៊ុននឹងគ្រោងនាំចេញទៅកាន់អឺរ៉ុប ដើម្បីពង្រីកទីផ្សារនិងបង្កើនការងារធ្វើសម្រាប់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនជំនាញ និងរាប់សិបកន្លែងក្នុងប្រទេសកម្ពុជា។

លើសពីនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងលើកទឹកចិត្តដល់អ្នកផ្គត់ផ្គង់ ឲ្យមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា ជំរុញសកម្មភាពសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញក្នុងប្រទេសកម្ពុជា ដែលនឹងបង្កើតការងារធ្វើរាប់ម៉ឺនមុខតំណែងបន្ថែមទៀតដែរ។

ដោយក្រុមហ៊ុនក៏បានបង្ហាញពីមូលហេតុនៃការមកវិនិយោគនៅកម្ពុជាយ៉ាងដូច្នេះថាតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បញ្ជាក់ថា៖ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឈានដល់ ៦.១% ដែលធ្វើឲ្យកម្ពុជាអាចក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន។ ក្រៅពីនេះកម្ពុជាមិនមានការគ្រប់គ្រងការផ្ទេររូបិយប័ណ្ណបរទេស មិនមានហានិភ័យគ្រោះធម្មជាតិធំៗ ទទួលបានគោលនយោបាយលើកលែងពន្ធលើការនាំចេញ ដែលជាឱកាសនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសអាចវិនិយោគពេញលេញបាន។ល។

បន្តមកក្រុមហ៊ុន ADATA Technology Co., Ltd. ក៏បានប្រកាសនូវផែនការវិនិយោគលម្អិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាពីឆ្នាំ ២០២៤ ដល់ឆ្នាំ២០២៧ ក្នុងនោះរួមទាំងផែនការសាងសង់រោងចក្រកែច្នៃផលិតផលអេឡិចត្រូនិក និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។

បន្ទាប់ពីបានស្តាប់នូវផែនការលម្អិតនិងគួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន ADATA Technology Co., Ltd. រួចមក លោកស្រី នឹម វណ្ណៈ បានឲ្យដឹងថា លោកស្រីសូមស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ADATA Technology Co., Ltd. នៅកម្ពុជា ហើយក្រុមមេធាវីជំនាញក៏កំពុងដំណើរការនីតិវិធីច្បាប់ជូនក្រុមហ៊ុននេះដើម្បីដាក់ពាក្យសុំស្នើសុំអាជ្ញាប័ណ្ណវិនិយោគកាបូននោះដែរ ។

លោកស្រី នឹម វណ្ណៈ បន្តថា ការវិនិយោគរបស់ក្រុមហ៊ុន ADATA Technology Co., Ltd. នៅកម្ពុជា នឹងជំរុញនូវការអភិវឌ្ឍន៍បន្ថែមលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាជនកម្ពុជាគ្រប់កម្រិតថ្នាក់ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ADATA Technology Co., Ltd បានបង្កើតនៅឆ្នាំ២០០១នៅកោះតៃវ៉ាន់ ជាមួយនឹងការបណ្តាក់ទុនប្រមាណជា៩៤,៥ លានដុល្លារអាម៉េរិក និងមានរោងចក្រធំៗនៅខេត្តស៊ូចូវ ប្រទេសចិន និងមានបណ្តាញនៅប្រទេសប្រេស៊ីលថែមទៀតផង។

បច្ចុប្បន្នក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតបន្ទះឈីប (DRAM) និង SSD ធំជាងគេនៅទ្វីបបអាស៊ី និងបានឈរនៅលំដាប់លេខ២នៅទូទាំងពិភពលោក ក្នុងតម្លៃទីផ្សារប្រមាណជាង ៩៤៥លានដុល្លារសហរដ្ឋអាមេរិក៕