(បរទេស)៖ បើនិយាយពីទំនាក់ទំនង របស់តារាចម្រៀងល្បីឈ្មោះអាមេរិក Lady Gaga ជាមួយតារាប្រុស Bradley Cooper ត្រូវបានទស្សនិកជនដឹងថា អ្នកទាំងពីរជិតស្និទ្ធនឹងគ្នាជាខ្លាំង ក្រោយចូលរួមសម្តែងរឿង «A Star in Born» ជាមួយគ្នា។ ជាក់ស្តែងថ្មីៗនេះ ដើម្បីជាការគាំទ្រដៃគូរបស់ខ្លួន គេឃើញតារាចម្រៀង Lady Gaga បានចូលរួមជាភ្ញៀវពិសេសនៅក្នុងពិធីបញ្ចាំងភាពយន្តពិសេស នៃខ្សែភាពយន្តចុងក្រោយ របស់តារាសម្ដែង Bradley Cooper មានចំណងជើងថា «Maestro» នៅទីក្រុង Los Angeles។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Billboard នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ខ្សែភាពយន្ត «Maestro» (ម៉ាយស្ត្រូ) ត្រូវបានគេដឹងថា និយាយពីរឿងរ៉ាវស្នេហា ដ៏ស្មុគស្មាញរវាងអ្នកដឹកនាំ និងអ្នកនិពន្ធអាមេរិកដ៏ល្បីល្បាញលោក Leonard Bernstein (លេននើត ប៊ើនស្តាញ) សម្ដែងដោយ Cooper និងតួអង្គភរិយាសម្តែងដោយតារាស្រី Carey Mulligan (ខារី មូលីហ្គែន)។

គេនៅចាំបានថា មុនពិធីសម្ពោធ គឺកាលពីថ្ងៃទី១១ ខែធ្នូ Bradley Cooper ទើបតែត្រូវបានជ្រើសរើសជាបេក្ខភាពប្រកួតពានរង្វាន់ Golden Globes (ហ្គោលដិនក្លូប) សម្រាប់ពានរង្វាន់តួឯកប្រុសឆ្នើម និងពានរង្វាន់អ្នកដឹកនាំឆ្នើម តាមរយៈរឿងនេះ។ ភាពយន្ដនេះផ្ទាល់ក៏ត្រូវបានជ្រើសរើស ជាបេក្ខភាពសម្រាប់ខ្សែភាពយន្តមនោសញ្ចេតនា ហើយតារាស្រី Mulligan (មូលីហ្គែន) ក៏ត្រូវបានជ្រើសរើស ជាបេក្ខភាពតួឯកស្រីឆ្នើមដូចគ្នា។

គួរជម្រាបថា ភាពយន្ត «Maestro» (ម៉ាយស្ត្រូ) កំពុងចាក់បញ្ចាំងនៅក្នុងរោងកុនមួយចំនួននៅអាមេរិក ហើយនឹងអាចទស្សនាបាននៅលើ Netflix នៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ៕