(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីលោក Elon Musk បានដាក់ដេញថ្លៃក្រុមហ៊ុន SpaceX របស់ខ្លួនដោយក្នុងមួយហ៊ុនមានតម្លៃ ៩៧ដុល្លារ នឹងធ្វើឱ្យតម្លៃក្រុមហ៊ុនទាំងមូលហក់ឡើងខ្ពស់ដល់ទៅ ១៨០ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា តម្លៃក្រុមហ៊ុន SpaceX ដែលកំពុងស្ថិតក្នុងការដាក់ដេញថ្លៃនេះនឹងកើនឡើងចន្លោះពី ៥០០លានដុល្លាររហូតដល់ទៅ ៧៥០លានដុល្លារ ខណៈដែលតម្លៃភាគហ៊ុនបានកើនឡើង ២ដុល្លារក្នុងមួយហ៊ុនពីតម្លៃដើម ៩៥ដុល្លារក្នុងមួយហ៊ុន។

គួរជម្រាបដែរថា SpaceX គឺជាក្រុមហ៊ុនផលិតយានអវកាស និងជាអ្នកផ្តល់សេវាកម្មបាញ់បង្ហោះផ្កាយរណបរបស់អាមេរិកឈានមុខគេនៅលើពិភពលោក គិតត្រឹមបច្ចុប្បន្ននេះ SpaceX មានតម្លៃសរុប ១៥០ពាន់លានដុល្លារ និងបានកើនឡើងខ្ពស់បន្ថែមទៀតគិតត្រឹមការដេញថ្លៃចុងក្រោយនេះ។ ដោយឡែកចំពោះការដាក់ដេញថ្លៃពីក្រុមហ៊ុន SpaceX នេះគឺដើម្បីធ្វើការវាយតម្លៃភាគហ៊ុនរបស់ខ្លួនកំពុងកើនឡើង ក៏ដូចជាដើម្បីទាក់ទាញវិនិយោគិនផងដែរ៕