(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) អមដំណើរដោយលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានធ្វើទស្សនកិច្ច និងចុះសួរសុខទុក្ខកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាជាង ១៣០នាក់ លើ ១១ប្រភេទកីឡា ដែលកំពុងបោះជំរំហ្វឹកហាត់ នៅប្រទេសចិន ក្រោយជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាមានិតចិន ។

បេសកកម្មរបស់ប្រតិភូកីឡាកម្ពុជាខាងលើ ធ្វើឡើងក្រោមការអញ្ជើញរបស់គណៈកម្មការកីឡាអូឡាំពិកចិន (China Olympic Sport Industry Co..,Ltd) ចាប់ពីថ្ងៃទី១១-១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយផ្ដោតសំខាន់លើការងារត្រួតពិនិត្យតាមដាន និងសួរសុខទុក្ខកីឡាករ-កីឡាការិនីកម្ពុជា ដែលកំពុងហ្វឹកហាត់នៅទីនោះ និងបន្ដអនុស្សារណៈយោគយល់គ្នា រវាងកម្ពុជា-ចិន ដើម្បីបន្ដជំនួយហ្វឹកហាត់របស់អត្តពលិកកម្ពុជា នៅប្រទេសចិន ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុន សុខ ។

ឆ្លៀតឱកាសនោះ ទើបលោក វ៉ាត់ ចំរើន បានដឹកនាំប្រតិភូ បានចុះពិនិត្យតាមទីលានហ្វឹកហាត់ ក៏ដូចជាសួរសុខទុក្ខកីឡាករ-កីឡាការិនីទាំង ១១ប្រភេទកីឡា ដែលហ្វឹកហាត់នៅ ៣ខេត្តផ្សេងគ្នា រួមមានអត្តពលិកកីឡាហែលទឹក វូស៊ូ និងអត្តពលិក ហាត់នៅទីក្រុង Kunming ខេត្ត Yunnan, អត្តពលិកកីឡាកាយសម្ព័ន្ធ លើកទម្ងន់ វាយកូនឃ្លីលើតុ យូដូ វាយសី និងចំបាប់ ហាត់នៅទីក្រុង Changsha ខេត្ត Hunnan ព្រមទាំងក្រុមកីឡាបាល់បោះបុរស និងបាល់ទះបុរស ដែលកំពុងហ្វឹកហាត់នៅទីក្រុង Chengdu ខេត្តSichuan ។

គួរដឹងថា កម្មវិធីជំនួយផ្នែកអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រជាមានិតចិន ត្រូវបានអនុវត្តតាំងពីមុនព្រឹត្តិការណ៍ស៊ីហ្គេម លើកតី៣២ តែដោយសារនៅសល់អាហារូបករណ៍ប្រមាណ ៩០ថ្ងៃទៀត កាលពីចុងខែសីហាកន្លងទៅ កម្ពុជាក៏បានបញ្ជូនអត្តពលិក ១១ប្រភេទកីឡា ទៅហ្វឹកហាត់នៅចិនជាលើកទី២ ដែលគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២៣ នេះ ដើម្បីសម្រួចសមត្ថភាពអត្តពលិកត្រៀមការប្រកួតកីឡាស៊ីហ្គេមបន្ទាប់ផង និងពង្រឹងធនធានកីឡាករវ័យក្មេង ឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជាផង ៕