(ភ្នំពេញ)៖ កីឡាករជើងខ្លាំងកម្ពុជា ចាន់ រតនា និង ឡុង ឡា បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតលើទីលាន «អ្នកលេងគុន វគ្គ២» ជាមួយអ្នកលេងគុនល្បុក្កតោមកពីហ្វីលីពីន និងឥណ្ឌូនេស៊ី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្អែក នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ហើយរំពឹងការចូលរួម និងការរៀបចំព្រឹត្តិការណ៍នេះ នឹងជំរុញឲ្យគុនល្បុក្កតោកម្ពុជាកាន់តែល្បីល្បាញថែមទៀត ។

សម្រាប់កីឡាករ ចាន់ រតនា បន្ទាប់ពីខកខានប្រកួតគុនល្បុក្កតោជិត ២០ឆ្នាំ និងខកខានប្រកួតគុនចម្រុះ(MMA) ជិត ២ឆ្នាំ ខ្លួនបានសម្រុកហ្វឹកហាត់ខ្លាំង ដើម្បីត្រៀមតតាំងជាមួយកីឡាករហ្វីលីពីន John Mc Leary Ornido ។ ចំពោះដៃគូប្រកួត ក្រៅពីនៅក្មេង និងមានកម្លាំង រតនា ហាក់មិនមានអ្វីបារម្ភនោះទេ ហើយប្ដេជ្ញានឹងយកឱកាសនេះ ដើម្បីបង្ហាញពីបច្ចេកទេស និងស្នៀតពិសេសៗរបស់ក្បាច់គុនបុរាណខ្មែរ ដែលខ្លួនខំហាត់កន្លងមកឲ្យភ្ញៀវជាតិ-អន្ដរជាតិបានឃើញ ។

រតនា បានបង្ហាញការតាំងចិត្តយ៉ាងដូច្នេះថា «ខ្ញុំនឹងមិនធ្វើឲ្យបងប្អូនខកចិត្តនឹងការទន្ទឹងរង់ចាំការប្រកួតរបស់ខ្ញុំទេ ។ ខ្ញុំនឹងប្រឹងប្រែងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកជ័យជម្នះពីដៃគូទាល់តែបាន ។ ពាក់ព័ន្ធនឹងបច្ចេកទេសឃ្លេក្នុងការប្រកួតនេះ អាចនឹងពិបាក តែខ្ញុំសង្ឃឹមថា អាចនឹងមានការសន្លប់ដោយជើង ចូលកណ្ដាប់ដៃ និងកែងច្រើនជាង» ។ លោកថា «ការប្រកួតនេះល្អ ចំពោះគុនល្បុក្កតោ ។ មែនទែន គុនល្បុក្កតោ គេស្គាល់ច្រើនហើយ តែតាមរយៈការប្រកួតនេះ នឹងជំរុញឲ្យគុនល្បុក្កតោល្បីល្បាញថែមទៀត»

ដោយឡែកកីឡាករ ឡុង ឡា បានបង្ហាញការត្រៀមខ្លួនរួចរាល់ដូចគ្នា សម្រាប់ការប្រកួតជាមួយកីឡាករឥណ្ឌូនេស៊ី SanJaya Hutagaol ។ កីឡាករទើបដណ្ដើមបានមេដាយប្រាក់ពីព្រឹត្តិការណ៍យុទ្ធគុនចម្រុះជើងឯកពិភពលោក នៅប្រទេសថៃរូបនេះថា ខ្លួនបានសិក្សារួចហើយ គឺជាកីឡាករពូកែចាប់ឃ្លេ តែបើវាយដោយជំហរមិនមានអ្វីជាការបារម្ភសម្រាប់ខ្លួននោះទេ ។ ជារួមខ្ញុំនឹងប្រើប្រាស់សមត្ថភាព ដែលខ្ញុំបានហ្វឹកហាត់គុនល្បុក្កតោ គុនខ្មែរ និងគុនចម្រុះកន្លងមក ដើម្បីបង្ហាញលើសង្វៀនអ្នកលេងគុននេះ ហើយដណ្ដើមជ័យជម្នះឲ្យខានតែបាន ។

គួរដឹងថា ព្រឹត្តិការណ៍អ្នកលេងគុននេះ ដំបូងឡើយ គ្រោងរៀបចំនៅថ្ងៃទី១៦-ធ្នូ តែដើម្បីចូលរួមអបអរសាទរខួបលើកទី៤៥ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គណៈកម្មការរៀបចំ ក៏សម្រេចលើកមករៀបចំការប្រកួតនៅថ្ងៃទី១៥ ខែធ្នូវិញ ។ ការប្រកួតនេះមាន ៧គូ ដែលមានកីឡាករមកពី ៥ប្រទេសពោលគឺក្រៅពីបេក្ខភាពគូខ្លាំងៗ ២ប្រកួតខាងលើ គឺមានកីឡាករ រិន សារ័តន ជួបកីឡាករឥណ្ឌូនេស៊ី Muhammad yunus dhae atu, កីឡាករ ណាង សុវណ្ណ ជួបកីឡាករវៀតណាម Pham Van Giang, កីឡាករ ស៊ូ កក្កដា ជួបកីឡាករហ្វីលីពីន Jiar Orlando Castillo, កីឡាករ ពេជ្រ ខាំតៃ ជួបកីឡាករវៀតណាម Hoang Phuc Thuan និងកីឡាករ ពេជ្រ ពន្លឺ ជួបកីឡាករឡាវ Honggvixay sivilay ៕