(បរទេស)៖ បន្ទាប់ពីបញ្ចេញកំណែ iOS 17.2 ជាផ្លូវការក្នុងសប្តាហ៍នេះ Apple បានបង្ហើបថានៅជំនាន់បន្ទាប់កំណែ iOS 17.3 ខ្លួននឹងបញ្ចេញមុខងារសុវត្ថិភាពថ្មីមួយដែលមានឈ្មោះថា «Stolen Device Protection»។ មុខងារថ្មីនេះនឹងផ្តល់ជូនអ្នកប្រើប្រាស់ iPhone ទាំងអស់ដើម្បីការពារលេខកូដសម្ងាត់ និងព័ត៌មានសំខាន់ៗក្នុងករណី iPhone ត្រូវបានចោរលួច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា មុខងារ «Stolen Device Protection» ថ្មីនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់កំណត់ទីតាំងដែលសកម្មជាងគេដូចជាទីតាំងកន្លែងធ្វើការ និងនៅផ្ទះជាដើម។ ប្រសិនបើក្នុងករណីទីតាំងស្មាតហ្វូននៅឆ្ងាយពីទីតាំងដែលបានកំណត់នោះ មុខងារថ្មីនេះនឹងតម្រូវឱ្យអ្នកប្រើប្រាស់ប្រើមុខងារ FaceID ឬស្កេនក្រយ៉ៅដៃបន្ថែមទៀតពីលេខកូដសម្ងាត់ ខណៈដែលមុខងារទាំងនេះនឹងការពារទាំងការបើកសោរស្មាតហ្វូន Apple Pay និង Apple ID ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ Apple នឹងបន្ថែមកម្រិតសុវត្ថិភាព «Lockdown Mode» បន្ថែមទៀតពីលើមុខងារ Stolen Device Protection ដូច្នេះប្រសិនបើលេខកូដសម្ងាត់ផ្សេងៗត្រូវបានគេលួចនោះក៏គ្មានបញ្ហាក្នុងការបើកចូលស្មាតហ្វូននោះទាំងនោះផងដែរ។

គួរជម្រាបដែរថា មុខងារថ្មីនេះ គឺកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយនោះទេ នៅមិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់នោះទេ អាចក្នុងអំឡុងពេលជាង ១ខែទៀតទើប Apple បញ្ចេញ។ ដើម្បីអាចបើកមុខងារនេះ ជាដំបូងត្រូវតែធ្វើបច្ចុប្បន្នភាព iPhone ទៅកំណែចុងក្រោយ iOS 17.3 បន្ទាប់មកចូលទៅកាន់ Settings>Privacy & Security>Location Service>System Service និងបើក Stolen Device Protection ជាការស្រេច៕