(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ក្នុងជំនួបបញ្ចប់ពូល F នៃពានរង្វាន់ AFC Cup 2023/24 នាវេលាម៉ោង ៧យប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ដើម្បីកាត់សេចក្ដី និងកំណត់ជោគវាសនាបេក្ខភាពក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(១/២) ប្រចាំតំបន់អាស៊ាន នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ។

ជុំវិញការប្រកួតនេះ ត្រូវបានអ្នកគាំទ្រកម្ពុជា មើលឃើញក្រុមភ្នំពេញក្រោន មានភាគរយខ្ពស់ ក្នុងការបើកទំព័ប្រវត្តិសាស្ដ្រថ្មី ក្លាយជាក្លិបបាល់ទាត់កម្ពុជាដំបូង ដែលបានឆ្លងផុតវគ្គចែកពូល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Cup 2023/24 ប្រចាំតំបន់អាស៊ាន ព្រោះភ្នំពេញក្រោន នៅតែរក្សាកំពូលតារាង (Zonal semi-finals) ក្នុងចំណោមបេក្ខភាពក្រុមលេខ២ ល្អជាងគេ បន្ទាប់ពីក្រុម Terengganu FC របស់ម៉ាឡេស៊ី បានយកឈ្នះក្រុម Bali United របស់ឥណ្ឌូនេស៊ី ត្រឹមលទ្ធផល ២-០ កាលពីយប់មិញ ។

សម្រាប់ជំនួបកាត់សេចក្ដីជាមួយក្រុម Shan United យប់នេះដែរ បើសិនភ្នំពេញក្រោន ស្មើ ពួកគេនឹងទទួលបានកៅអីវគ្គបន្ដដោយស្វ័យប្រវត្តិ តែករណីបើចាញ់ លុះត្រាភ្នំពេញក្រោន របូតលើសពី ៥គ្រាប់(ករណីនេះ អាចពិបាក ព្រោះជើងទី១ ភ្នំពេញក្រោន យកឈ្នះ Shan United ៤-០) ទើបឱកាសមាសនេះ ធ្លាក់ទៅក្រុម Terengganu FC របស់ម៉ាឡេស៊ី ព្រោះបច្ចុប្បន្នក្រុមទាំងពីរ រកបាន ១២ពិន្ទុស្មើគ្នា គ្រាន់តែក្រុមសិង្ហក្រហម មានគ្រាប់បាល់ចំណេញ ៩គ្រាប់ ខណៈក្រុម Terengganu មានគ្រាប់ចំណេញត្រឹម ៤គ្រាប់ប៉ុណ្ណោះ ។

ជាមួយការប្រកួតកំពុងស្ថិតក្នុងក្រសែភ្នែកអ្នកគាំទ្រកម្ពុជានេះ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានគូសបញ្ជាក់ថា «វាគឺជាការប្រកួតចុងក្រោយ វាពិតជាសំខាន់ ហើយក៏ជារឿងរំភើបផងដែរ សម្រាប់យើងក្នុងការត្រៀមខ្លួនទៅជុំបន្ទាប់។ ពួកគេទើបក្លាយជាម្ចាស់ជើងឯកលីគមីយ៉ាន់ម៉ា ហើយពួកគេក៏មិនអាចឡើងទៅជុំបន្ទាប់បានដូចគ្នា ដូច្នេះមិនមានសម្ពាធអ្វីទេសម្រាប់ពួកគេ ។ ពួកគេជាក្រុមមួយដែលមានគុណភាព ព្រោះគេមានកីឡាករល្អៗ ហើយគេលេងក្នុងដីគេទៀត ដូច្នេះវាជារឿងលំបាកសម្រាប់យើង»

«គោលដៅរបស់យើងគឺមិនត្រឹមតែការឡើងទៅវគ្គបន្តនោះទេ ប៉ុន្តែគឺយើងចង់បានពិន្ទុបន្ថែមទៀតសម្រាប់ជួយក្រុមនៅកម្ពុជាក្នុងពានរង្វាន់ AFC CUP នាឆ្នាំក្រោយៗ» ។ លោក Oleg សង្កត់ធ្ងន់បន្ថែម ។

គួរដឹងថា ដំណាលគ្នានឹងការប្រកួតរវាងក្រុមទាំងពីរខាងលើ ក្រុមកំពូលតារាង Macarthur FC របស់អូស្ដ្រាលី ក៏ត្រូវជួបក្រុមម្ចាស់ផ្ទះ Cebu FC របស់ហ្វីលីពីន បញ្ចប់ពូលF ផងដែរ ។ ភ្នំពេញក្រោន មិនត្រឹមតែមានភាគរយខ្ពស់ឡើងទៅវគ្គបន្ដនោះទេ ពួកគេក៏នៅសល់ឱកាស ក្នុងការប្រជែងកៅអីកំពូលតារាងក្នុងពូល ជាមួយក្រុម Macarthur FC ផងដែរ ព្រោះបច្ចុប្បន្នក្រុមទាំងពីរ រកបាន ១២ពិន្ទុស្មើគ្នា ៕