(បរទេស)៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់កំពូលមហាសេដ្ឋីលោក Elon Musk ត្រូវបានគេរាយការណ៍មកថា នឹងអាចរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មបានត្រឹមតែ ២.៥ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០២៣នេះ។ ខណៈរបាយការណ៍នេះបានបង្ហាញពីវិបត្តិកាន់តែធ្ងន់ធ្ងររបស់ X បើទោះបីជាឆ្នាំ២០២២ ជួបវិបត្តិដូចគ្នាតែក្រុមហ៊ុននេះ អាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបានរហូតដល់ទៅ ៤.៧ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ទាំងនេះគឺដោយសារតែក្រុមហ៊ុនធំៗជាច្រើនរួមទាំង Comcast និង Walt Disney បានផ្អាកការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើភ្លេតហ្វម X បន្ទាប់ពី Elon Musk បានរងការចោទប្រកាន់ពីអង្គការអាមេរិកមួយដែលមានឈ្មោះថា Media Matters ដោយបានអះអាងថា X បានចូលរួមការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈជ្រុលនិយម និងប្រឆាំងសាសនា។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងត្រីមាសទាំង ៣នៃឆ្នាំ២០២៣ កន្លងទៅនេះ X រកចំណូលពីការផ្សាយពាណិជ្ជកម្មបានខ្ទង់ ៦០០លានដុល្លារក្នុងមួយត្រីមាស ហើយសម្រាប់ត្រីមាសចុងក្រោយនេះក៏គេរំពឹងថា នឹងរកបានប្រហែលនេះដូចគ្នា ឬអាចធ្លាក់ចុះថែមទៀតផង។ ដូច្នេះបើគិតសរុបទាំង ៤ត្រីមាសនេះគឺ X អាចរកបានខ្ទង់ ២.៥ពាន់លានដុល្លារប៉ុណ្ណោះ។

គួរជម្រាបដែរថា ចាប់តាំងពី Elon Musk បានទិញយកក្រុមហ៊ុន X បច្ចុប្បន្នដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ក្នុងខែតុលា ឆ្នាំ២០២២ ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប្រចាំខែបានធ្លាក់ចុះស្ទើរតែរាល់ខែ ហើយបានធ្លាក់ចុះខ្ទង់ ៥៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕