(បរទេស)៖ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ហ្វាំងឡង់ Nokia បានកាត់បន្ថយគោលដៅរកប្រាក់ចំណេញរបស់ខ្លួនរយៈពេល ២ឆ្នាំគិតត្រឹមឆ្នាំ២០២៦ ដោយក្រុមហ៊ុននេះរំពឹងថា ខ្លួននឹងអាចរកបានចន្លោះពី ១០ ទៅ ១៣ភាគរយប៉ុណ្ណោះ។ ទាំងនេះក៏ដោយសារតែ Nokia បានបាត់បង់ភាពជាដៃគូជាមួយក្រុមហ៊ុនទូរគមនាគន៍អាមេរិក AT&T ដែលត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនដែលកាន់កាប់បណ្តាញ 5G ច្រើនជាងគេនៅអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

បញ្ហានេះបានកើតឡើងបន្ទាប់ពី ក្រុមហ៊ុនអាមេរិក AT&T បានសម្រេចទៅជ្រើសរើសភាពជាដៃគូជាមួយនឹង Ericsson ជំនួសវិញ ដើម្បីបង្កើតបណ្តាញទូរគមនាគមន៍ 5G ផ្ទាល់ខ្លួន ដោយប្រើបច្ចេកវិទ្យាកាត់បន្ថយការចំណាយថ្មីហៅថា Open radio access network (ORAN) ដែលនឹងគ្របដណ្តប់ខ្ទង់ ៧០ភាគរយនៃអ៊ីនធឺណិតឥតខ្សែរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកគិតត្រឹមចុងឆ្នាំ២០២៦ ខាងមុខនេះ។ ខណៈការកាត់បន្ថយនេះត្រូវបានគេឱ្យដឹងថា បានធ្លាក់ចុះពីការរំពឹងទុកពីមុន ដោយ Nokia បានរំពឹងថា ខ្លួននឹងអាចកើនឡើងប្រាក់ចំណេញចន្លោះពី ១២ ទៅ ១៥ភាគរយ។

គួរជម្រាបដែរថា ការបាត់បង់កិច្ចព្រមព្រៀងបណ្តាញ 5G ជាមួយក្រុមហ៊ុន AT&T ដែលជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំរបស់សហរដ្ឋអាមេរិក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គោលដៅដែលបានគ្រងទុករបស់ Nokia។ តែយ៉ាងណា Nokia នៅតែរំពឹងថា ខ្លួននឹងអាចមានផ្លូវទាញប្រាក់ចំណេញមកវិញបានតាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Deutsche Telekom ដែលជាក្រុមហ៊ុនដៃគូថ្មីរបស់ខ្លួន៕