(បរទេស)៖ ផលិតករ និងជាអ្នកដឹកនាំភាពយន្តល្បីម្ចាស់ស្នាដៃ «Titanic» និង «Avatar» លោក James Cameron បានបញ្ជាក់ជាថ្មីពីកាលបរិច្ឆេទបញ្ចេញរឿង «Avatar» វគ្គ៣ និងបង្ហើបថា កំពុងស្ថិតក្នុងដំណាក់កាលផលិត ដើម្បីត្រៀមចាក់បញ្ចាំងក្នុងរោងភាពយន្តនៅអំឡុងឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន People នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ផលិតករម្ចាស់ពានរង្វាន់អូស្ការ ផ្នែកអ្នកដឹកនាំឆ្នើមរូបនេះ បាននិយាយប្រាប់ People ថា ភាពយន្តនេះកំពុងផលិត និងគ្រោងចាក់បញ្ចាំងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ លោកបានបន្ថែមថា «ពួកយើងបានថតរឿងវគ្គ៣ និងការថតសកម្មភាពផ្ទាល់លើកទី៣នេះ ហើយយើងថែមទាំងបានថតសម្រាប់វគ្គ៤បន្តទៀត ដោយសារតែតួអង្គក្មេងៗរបស់យើងទាំងអស់គ្នា នឹងមានការចូលរួមសម្តែងយ៉ាងច្រើន»។ ​​

ផលិតករឆ្នើមដែលមានស្នាដៃសុទ្ធតែកើបប្រាក់ចំណូលបានរាប់ពាន់លានដុល្លាររូបនេះ បានបន្ថែមថា សម្រាប់រឿង «Avatar» វគ្គ៤ គឺគ្រោងនឹងបញ្ចាំងនៅឆ្នាំ២០២៩។

គួរជម្រាបថារឿង «Avatar» របស់ Cameron ដែលបញ្ចេញនៅឆ្នាំ២០២២ រកចំណូលបានរហូតដល់ ២.៣ពាន់លានដុល្លារទូទាំងពិភពលោក។ ខ្សែភាពយន្ត «Avatar» វគ្គដំបូង ដែលចាក់បញ្ចាំងលើកដំបូងក្នុងឆ្នាំ២០០៩ ត្រូវបានគេដឹងថា កាន់កាប់តំណែងខ្សែភាពយន្ត ដែលរកចំណូលបានច្រើនជាងគេបំផុត នៅលើពិភពលោក អស់រយៈពេលមួយទសវត្សរ៍ ហើយទើបតែក្នុងឆ្នាំ២០១៩ កន្លងទៅទេ ដែលខ្សែភាពយន្តនេះ ត្រូវបានទម្លាក់ចេញពីតំណែងកំពូល ដោយខ្សែភាពយន្តរឿង Avengers: Endgame របស់ក្រុមហ៊ុន Marvel៕