(អឺរ៉ុប)៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានបង្កើតកំណត់ត្រាឈ្នះ ១០០ភាគរយ បន្ទាប់ពីការព្យាយាមតាមវាយបកយកបានលទ្ធផលឈ្នះលើក្រុម Union Berlin ៣-២ ក្នុងប្រកួតចុងក្រោយវគ្គជម្រុះពូល C ពានរង្វាន់លីគ UEFA Champions League ដោយលេងមិនចាញ់ មិនស្មើនោះទេ នារដូវកាលនេះ ឡើងវគ្គចែកពូល ១៦ក្រុម។

Real Madrid រកបាន ១៨ពិន្ទុពេញ ក្រោយឆ្លងកាត់ ៦ប្រកួត ពីការយកឈ្នះក្រុម Napoli, Sporting Braga និងក្រុម Union Berlin ទាំងពីរជើងស្ថិតក្នុងពូល C នេះ ដែលស្ថិតក្រោមការដឹកនាំដោយលោក Carlo Ancelotti។

៣គ្រាប់តាមពីក្រោយរបស់ក្រុម Real Madrid ធ្វើបានដោយកីឡាករ Joselu រកបាន ២គ្រាប់ម្នាក់ឯងនៅនាទី៦១ និងនាទី៧២ ហើយកីឡាករ Ceballos ជាអ្នករកបាន ១គ្រាប់ជ័យជម្នះនៅនាទី៨៩ បន្ទាប់ពីក្រុម Union ធ្វើបាន ២គ្រាប់នៅនាទី៤៥ ដោយកីឡាករ Volland និងនាទី៨៥ ពីការស៊ុតរបស់ Alex Kral ។

បញ្ជាក់ផងថា ស្ថិតក្នុងពូល C ក្រុម Real Madrid និង Napoli បានឈានទៅលេងវគ្គ ១៦ក្រុមជាបន្ត ខណៈក្រុមឈរលេខ៣ Sporting Braga ធ្លាក់ទៅលេងពានទី២ Europa League នៅពេលដែលកម្មវិធីការចាប់ឆ្នោតវគ្គ ១៦ក្រុមពាន UEFA Champions League 2023-24 នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុង Nyon ប្រទេសស្វីស៕