(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានហាលអាវពីពានរង្វាន់អឺរ៉ុប UEFA Champions League សម្រាប់រដូវកាលនេះជាផ្លូវការហើយ នៅពេលចាញ់ក្រុមភ្ញៀវមកពីអាល្លឺម៉ង់ Bayern Munich ១-០ នាថ្ងៃប្រកួតបញ្ចប់បិទពូល A នាយប់មិញនេះ។

ការលេងវគ្គសន្សំពិន្ទុប្រចាំពូល A ស្ថិតក្រោមការបង្វឹករបស់លោក Erik ten Hag ដោយក្នុងចំណោម ៦ប្រកួត រកបានតែ ៤ពិន្ទុប៉ុណ្ណោះឈរនៅបាតតារាងចាញ់ក្រុម Galatasaray ដែលឈរលេខ៣ មាន ៥ពិន្ទុធ្លាក់លេងក្នុងរង្វាន់ទី២ UEFA Europa League គ្រាដែល Bayern Munich និង FC Copenhagen ដឹកនាំគ្នា ឡើងទៅវគ្គ ១៦ក្រុមនៃ UCL ជាបន្តទៀត។

បន្ថែមលើនេះ អតីតក្រុមខ្លាំង Man Utd ក៏បានសាងកំណត់ត្រា ក្លាយជាក្រុមអង់គ្លេសដំបូងគេដែលបានរបូតគ្រាប់បាល់មានដល់ទៅ ១៥គ្រាប់ ក្នុងវគ្គចែកពូលនេះដែរ ជាមួយនឹងការស៊ុតបញ្ចូលទីគូប្រកួតបាន ១២គ្រាប់វិញដែរ។

ក្នុងប្រកួត ៩០នាទីពេញក្នុងកីឡដ្ឋាន Old Trafford បិសាចក្រហមមានកីឡាករ ២រូបរងរបួសដែលត្រូវបានប្តូរចេញរួម មាន Harry Maguire និង Luke Shaw ដែលបានធ្វើឲ្យតំបន់ការពារមានការខ្វះខាត និងរបូត ១គ្រាប់នៅនាទី៧០ ដែលជាការបរាជ័យទាំង ២ជើងតែម្តងពេលប៉ះក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich៕