(ប៊ែកឡាំង)៖ ក្រុមហ៊ុន Puma នឹងបញ្ចប់ភាពជាអ្នកឧបត្ថម្ភរបស់ខ្លួន ចំពោះក្រុមបាល់ទាត់ជម្រើសជាតិអ៊ីស្រាអែលនៅឆ្នាំក្រោយ ខណៈការសម្រេចនេះ បានធ្វើឡើង​មុនពេលការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលារបស់ក្រុម Hamas។ នេះបើតាមសម្តីអ្នកនាំពាក្យ របស់ក្រុមហ៊ុនផលិតសម្ភារៈកីឡារបស់អាល្លឺម៉ង់ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

«ស្របពេលដែលក្រុមជម្រើសជាតិ ដែលបានចុះកិច្ចសន្យាថ្មីចំនួន២ នឹងប្រកាសនៅចុងឆ្នាំនេះ និងក្នុងឆ្នាំ២០២៤ ខាងមុខនោះ។ កិច្ចសន្យាជាមួយសហព័ន្ធមួយចំនួនដូចជា ស៊ែប៊ី និងអ៊ីស្រាអែល នឹងត្រូវផុតកំណត់នៅក្នុងឆ្នាំ២០២៤»។ នេះបើតាមអ្នកនាំពាក្យបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

អ្នកនាំពាក្យបានបញ្ជាក់ថា ការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០២២ ជាផ្នែកមួយនៃ «យុទ្ធសាស្ត្រកាន់តែធំ និងល្អជាងមុន» របស់ក្រុមហ៊ុន Puma ហើយស្របតាមពេលវេលាធម្មតា សម្រាប់ការច្នៃម៉ូត និងធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់អាវក្រុមជម្រើសជាតិ៕