(ភ្នំពេញ)៖ ល្ខោនអូប៉េរ៉ាអន្តរជាតិមួយរឿង«Madama Butterfly »ដ៏ល្បីប្រចាំប្រទេសអ៊ីតាលី​ ត្រូវបាននាំយកមកសម្តែងនៅប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១០ ខែធ្នូ ​នៅរោងមហោស្រពកោះពេជ្រ ដែលចូលរួមសំដែងដោយសិល្បករនិងតន្តី្រករចំនួន៧០រូប រួមមាន អ្នកចម្រៀងអូប៉េរ៉ាដ៏ល្បីនៅកម្ពុជា និងតារាអន្តរជាតិផ្សេងទៀត មកពីប្រទេសអ៊ីតាលី និងជប៉ុនជាដើម។

​ល្ខោនអូប៉េរ៉ាបុរាណដ៏ពិសេសនេះគឺជានិមិត្តរូបដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី ​ដែលត្រូវបានដាក់ឲ្យសម្តែងលើកដំបូងនៅក្នុងឆ្នាំ ១៩០៤។ ការបង្កើតនិងសម្តែងល្ខោនដ៏ពិសេសនេះបានឆ្លុះបញ្ចាំងពីប្រពៃណី វប្បធម៌ ដ៏សំបូរបែបរបស់ប្រជាជនអ៊ីតាលី។

រឿង «Madama Butterfly» បានកំពុងសណ្តំដួងចិត្តទស្សនិកជនជុំវិញពិភពលោក ជាមួយរឿងនិទានពីយូរមកហើយ អំពីស្នេហាតែម្ខាង។  ចាប់តាំងពីស្នាដៃឯករបស់អ៊ីតាលីមួយនេះ ត្រូវបានសម្តែងលើកដំបូងនៅឆ្នាំ១៩០៤ មក ការសម្តែងត្រូវបានរៀបចំនៅទូទាំងពិភពលោកក្នុងទម្រង់ផ្សេងៗគ្នា ដោយសារអ្នកដឹកនាំល្បីៗនានាកម្លាយរឿងនិទានដែលមិនចេះចប់នេះ តាមរបៀបរបស់ខ្លួនរៀងៗខ្លួន។

​រឿង «Madama Butterfly» ​ដែលបានបើកសម្តែងយ៉ាងអស្ចារ្យជាលើកដំបូងនៅកម្ពុជា ដែលនាំមកជូនដោយ ស្រាបៀរ ABC និង Soundskool ជាមួយក្រុមផលិតការសម្តែងមួយ​នៅភ្នំពេញ រួមសម្តែងដោយក្រុមសិល្បករខ្មែរ អ៊ីតាលី និងជប៉ុន បង្កើតនូវទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ ដឹកនាំសម្តែងដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស និងអ្នកដឹកនាំសម្តែងជនជាតិអ៊ីតាលី មានឈ្មោះថា Maestro Vincenzo Grisostomi Travaglini។

សិល្បករឆ្នើមរបស់កម្ពុជា លោក ឃួន សិទ្ធិសក្តិ ​ក៏បានឡើងឆាកសម្តែងនេះផងដែរ ​។ សិល្បករចម្រៀងអូប៉េរ៉ារូបនេះបានទទួលពានរង្វាន់ជាច្រើន ដោយរាប់ថាជាអ្នកចម្រៀងអូប៉េរ៉ាកម្ពុជាដំបូងគេដែលត្រូវបានបណ្តុះបណ្តាលនៅក្រៅប្រទេស។ ​ ស្នាដៃសម័យមុនមួយនេះ ក៏​អមដោយការប្រគុំតន្ត្រីដោយវង់ភ្លេង Phnom Penh Philharmonic and Choir ផងដែរ​៕