(បរទេស)៖ នៅសប្តាហ៍នេះរដ្ឋាភិបាលអាមេរិក បាននឹងកំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia អំពីការលក់បន្ទះឈីប AI ទៅឱ្យប្រទេសចិន។ ប៉ុន្តែក្នុងនោះអាមេរិកសង្កត់ធ្ងន់ថា Nvidia មិនអាចលក់បន្ទះឈីបទំនើបបំផុតរបស់ខ្លួនទៅឱ្យចិនបាននោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់អាមេរិកចំនួន ៣រួមមាន Nvidia, Micron និង AMD គឺជាគោលដៅចម្បងដែលស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកដែលជាប់ក្នុងជម្លោះរវាងប្រទេសចិន និងរដ្ឋបាល Biden។ កាលខែកញ្ញាកន្លងទៅ Nvidia ធ្លាប់បាននិយាយថា មន្ត្រីអាមេរិកបានស្នើឱ្យក្រុមហ៊ុនបញ្ឈប់ការនាំចេញបន្ទះឈីបកុំព្យូរកំពូលពីសម្រាប់ការងារបញ្ញាសិប្បនិម្មិត (AI) ទៅកាន់ប្រទេសចិន ទាំងនេះដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពជាតិ។

តាមរយៈរបាយការណ៍ចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃច័ន្ទថា Nvidia «អាចលក់បន្ទះឈីបមួយចំនួនទៅកាន់ប្រទេសចិនបាន តែអនុញ្ញាតជាពិសេសសម្រាប់តែបន្ទះឈីប AI ប្រើក្នុងកម្មវិធីពាណិជ្ជកម្ម (commercial applications) ប៉ុណ្ណោះ នឹងមិនត្រូវបានអនុញ្ញាតឱ្យលក់បន្ទះឈីបដែលមានថាមពលខ្លាំង និងជាម៉ូដែលជំនាន់ទំនើបចុងក្រោយនោះទេ»

គួរជម្រាបដែរថា បច្ចុប្បន្ននេះ Nvidia និងរដ្ឋាភិបាលអាមេរិកកំពុងស្ថិតក្នុងកិច្ចពិភាក្សានៅឡើយនោះទេ។ គេសង្ឃឹមថា Nvidia នឹងអាចនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ព្រោះថាបច្ចុប្បន្ននេះ Nvidia បានកាន់កាប់ដំណែលេចធ្លោនៅក្នុងទីផ្សារបន្ទះឈីប AI របស់ចិនជាមួយនឹងចំណែកទីផ្សារលើសពី ៩០ភាគរយឯណោះ៕