(ឡុងដ៍)៖ បញ្ហាបន្តកើតឡើង សម្រាប់អ្នកចាត់ការក្លិប Chelsea លោក Mauricio Pochettino ជាមួយនឹងរបួសកើតឡើង ចំពោះកីឡាករប្រធានក្រុម Reece James ជាការព្រួយបារម្ភថ្មីចុងក្រោយ សម្រាប់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

James លេងបានត្រឹមតែ ២៧នាទីប៉ុណ្ណោះ នៃការប្រកួតចាញ់ ២-០ ក្រោមថ្វីជើងក្រុម Everton កាលពីថ្ងៃសៅរ៍ ដោយបានបង្ខំឱ្យរូបគេចាកចេញពីទីលាន ដោយសារសរសៃពួរ។

«Reece មានអារម្មណ៍ថា មានបញ្ហាចំពោះសរសៃពួររបស់លោក។ ប្រាកដណាស់ គាត់បានរបួស, ប៉ុន្តែយើងមិនដឹងថា វាធ្ងន់ធ្ងរកម្រិតណានោះទេ», នេះបើតាមលោក Pochettino ដែលបច្ចុប្បន្នក្រុមរបស់លោក បានធ្លាក់ទៅកាន់ចំណាត់ទី១២ ក្នុងតារាង Premier League។

«ពិតណាស់ សម្រាប់ពួកយើង គាត់ជាកីឡាករសំខាន់ម្នាក់, ជាខ្សែការពារម្នាក់ ក្នុងចំណោមខ្សែការពារដ៏ល្អជាងគេបំផុត នៅក្នុងពិភពលោក។ យើងនឹងធ្វើការវាយតម្លៃម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ថាតើនឹងមានអ្វីកើតឡើង ជាមួយនឹងសរសៃពួររបស់គាត់»

James មិនមែនតែជាការព្រួយបារម្ភតែមួយគត់នោះទេ បន្ទាប់ពីការបរាជ័យ នៅឯកីឡដ្ឋាន Goodison Park បណ្តាលឱ្យក្លិប Chelsea នៅមាន ១៨ពិន្ទុ តាមពីក្រោយក្លិបនាំមុខ Liverpool។

ជាមួយគ្នានោះ អ្នកចាំទី Robert Sanchez ត្រូវបានជំនួយដោយកីឡាករ Djordje Petrovic ស្របពេលដែលខ្សែការពារ Marc Cucurella ក៏មានរបួសផងដែរ។

​ក្លិប Chelsea បានចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងក្របខណ្ឌ Premier League ចាប់តាំងពីរដូវកាល២០១៥-១៦ នៅពេលដែលពួកគេបានបញ្ចប់ នៅចំណាត់ថ្នាក់ទី១០៕