(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនអាមេរិក Amazon កំពុងបាត់បង់ធនធានដ៏សំខាន់មួយរូបដែលកាន់កាប់ផ្នែកសុវត្ថិភាពនៅ Prime Air ដែលមានឈ្មោះថាលោក Sean Cassidy បន្ទាប់ពីលោកបានបម្រើការងារអស់រយៈពេលជាង ៩ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក Sean Cassidy គឺជានាយកប្រតិបត្តិផ្នែកសុវត្ថិភាព ប្រតិបត្តិការហោះហើរ និងទទួលកិច្ចការនិយតកម្មនៅអង្គភាព Prime Air របស់ក្រុមហ៊ុន Amazon។ ចំណែកឯ Prime Air គឺជាសេវាកម្មដឹកជញ្ជូនបែបទំនើបតាមរយៈ Drone Delivery ដោយគ្មានមនុស្សបើកបរ នឹងចែកជូនកញ្ចប់ឥវ៉ាន់ដល់អតិថិជនបានលឿន រហ័ស និងផ្តល់ជូនក្នុងតម្លៃទាប។

ជាក់ស្តែង Amazon ចាប់ផ្តើមដាក់ដំណើរការ Drone Delivery នេះអស់រយៈជិត ១ឆ្នាំមកហើយដែលមានទីតាំងសាកល្បងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយគ្រឿងនឹងបញ្ចេញទៅកាន់ទីក្រុហថ្មីជាច្រើននៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអ៊ីតាលីនៅចុងឆ្នាំ២០២៤ ខាងមុខនេះ។

យ៉ាងណាមិញការចាកចេញរបស់លោក Cassidy នេះត្រូវបានប្រភពឱ្យដឹងថា បានកើតឡើងបន្ទាប់ពីបញ្ហាប្រឈមជាច្រើនខែសម្រាប់កម្មវិធី Drone រួមទាំងការបញ្ឈប់បុគ្គលិកអស់ជាច្រើននាក់កាលពីដើមឆ្នាំនេះ ក៏ដូចជាការបរាជ័យក្នុងការទទួលបានការយល់ព្រមពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ផងដែរ។ តែយ៉ាងណាជុំវិញបញ្ហាលាលែងពីដំណែងនេះ មិនត្រូវបាន Amazon គូសបញ្ជាក់លម្អិតថា បណ្តាលមកពីបញ្ហាអ្វីឱ្យពិតប្រាកដនោះទេ ហើយគេក៏មិនច្បាស់នោះដែលថា ការចាកចេញនេះនឹងមានអ្វីប៉ះពាល់ដល់ Prime Amazon ឬក៏អត់នោះ។

គួរជម្រាបដែរថា លោក Sean Cassidy បានចូលបម្រើការងារនៅ Amazon ចាប់តាំងពីឆ្នាំ២០១៥ មកម្លេះ ដោយគិតមកដល់ពេលនេះមានរយៈពេល ៩ឆ្នាំមកហើយ ហើយលោកគឺជាបុគ្គលដ៏សំខាន់មួយរូបរបស់ Amazon ក្នុងដំណើរការផលិត និងចែកចាយ Drone Delivery សម្រាប់វិស័យពាណិជ្ជកម្មបច្ចុប្បន្ននេះ៕