(កូរ៉េ)៖ តារាចម្រៀងកូរ៉េខាងត្បូង Jimin និង Jungkook នៃក្រុមចម្រៀងបុរស BTS បានចាប់ផ្តើមកាតព្វកិច្ចយោធារបស់ពួកគេហើយ នៅថ្ងៃទី១២ ខែធ្នូនេះ។ ពួកគេគឺជាសមាជិកចុងក្រោយនៃក្រុម ដែលបានចុះឈ្មោះចូលយោធា មានន័យថាសមាជិកទាំងប្រាំពីរ បានចុះឈ្មោះគ្រប់គ្នាអស់ហើយ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straitstimes នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

តារាទាំងពីររូបនេះ ត្រូវបានរាយការណ៍មកថា ចូលជំរុំនៅកងពលធំថ្មើរជើងទី៥ ក្នុងក្រុង Yeoncheon ខេត្ត Gyeonggi។ មុនពេលសមាជិកក្រុមនេះ ចូលបម្រើការងារយោធា ផលិតកម្មរបស់ពួកគេ បានស្នើដល់អ្នកគាំទ្រ កុំនាំគ្នាទៅកាន់ទីតាំងមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធានេះ ដើម្បីការពារសុវត្ថិភាព និងបង្កាការកកស្ទះចរាចរណ៍។ ផ្ទុយទៅវិញអ្នកគាំទ្រហាក់មិនស្តាប់តាមការស្នើសុំឡើយ ដោយពួកគេបានដាក់បដានានា និងសរសេរសារគាំទ្រ ការសម្រេចចិត្តរបស់សមាជិកទាំងអស់ក្នុងក្រុមនេះ។

គួរជម្រាបថា Jin អាយុ៣១ឆ្នាំ ដែលមានវ័យច្រើនជាងគេនៅក្នុងក្រុម BTS គឺជាសមាជិកដំបូងគេដែលបានចូលបម្រើយោធា ដោយបានចូលក្នុងខែធ្នូ ឆ្នាំ២០២២។ ក្រោយមកគឺមានសមាជិកជាបន្តបន្ទាប់ ដែលបានចូលរួមបំពេញកាតព្វកិច្ចយោធា រហូតដល់សមាជិកចុងក្រោយពេលនេះ គឺ Jimin និង Jungkook ខណៈ RM, V, Jimin និង Jungkook គ្រោងនឹងបញ្ចប់ការងារយោធានេះនៅខែមិថុនា ឆ្នាំ២០២៥ ហើយ BTS នឹងបន្តសកម្មភាពក្រុមរបស់ពួកគេឡើងវិញ៕