(អាមេរិក)៖ តារាចម្រៀងល្បីៗលំដាប់ជួរមុខជាច្រើនរូប ក្នុងនោះមានទាំង Cardi B និង Charlie Puth បានបង្ហាញវត្តមានអង្រួនបេះដូង អ្នកទស្សនាមិនតិចនោះទេ តាមរយៈព្រឹត្តិការណ៍ប្រគំតន្ត្រី ផ្សាយផ្ទាល់លើកដំបូងរបស់បណ្ដាញសង្គមយក្ស TikTok ដែលមានឈ្មោះថា «TikTok in The Mix»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Hindustan Times នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ការប្រគំតន្ត្រីដ៏ធំប្រចាំឆ្នាំរបស់ TikTok នេះ គឺបានធ្វើឡើងកាលពីថ្ងៃទី១០ ខែធ្នូ នៅទីក្រុង Mesa រដ្ឋ Arizona សហរដ្ឋអាមេរិក ដោយមានការចូលរួមសម្ដែង ពីតារាចម្រៀងលំដាប់ជួរមុខជាច្រើនរូប ដូចជា Cardi B (ខាឌី ប៊ី), Charlie Puth (ឆាលី ភុត), Offset (អហ្វ សេដ) និង Peso Pluma (ផេសូ ផ្លូម៉ា) ជាដើម។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នកចូលរួមទស្សនា ចាត់ទុកថាជាគំរូដ៏ល្អមួយក្នុងការអនុញ្ញាត ឲ្យអ្នកលេងបណ្ដាញសង្គម និងសិល្បករ ដែលជាម្ចាស់បទចម្រៀងល្បីៗលើ TikTok បានមករីករាយ និងជួបជុំគ្នាយ៉ាងជិតស្និទ្ធ ហើយពួកគេសង្ឃឹមថា ក្រុមហ៊ុនបណ្ដាញសង្គមផ្សេងៗទៀត នឹងងាកមករៀបចំព្រឹត្តិការណ៍តន្ត្រីបែបនេះដូចគ្នាដែរ នៅពេលខាងមុខ។

គួរជម្រាបថា សម្រាប់សំបុត្រចូលទស្សនាការប្រគំតន្ត្រី TikTok ត្រូវបានរាយការណ៍មថា លក់អស់គ្មានសល់ ខណៈតារាចម្រៀងម្ចាស់បទ «Attention» លោក Charlie Puth បានបង្ហាញពីក្តីរំភើប ដែលបានឡើងសម្ដែងលើឆាកតន្ត្រីដ៏ធំនេះ និងបានទទួលស្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ជាមធ្យោបាយដ៏សំខាន់មួយ ដែលជួយឲ្យលោករីកចម្រើនខ្លាំង ក្នុងអាជីពជាតារាចម្រៀង៕