(ភ្នំពេញ)៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគណៈកម្មការរៀបចំការប្រកួតរបស់ខ្លួន ដើម្បីត្រៀមរៀបចំការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។

វគ្គបណ្ដុះបណ្ដាលនេះ បានបិទបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោយដំណើរការសិក្សារយៈពេល ៦ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រាដែលពិធីបិទបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត មាស សារិន ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសហព័ន្ធ។

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្ដីទីសហព័ន្ធបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡានេះ មានសិក្ខាកាមចំនួន ៣១នាក់ចូលរួម។ វគ្គនេះ គឺជាសកម្មភាពដ៏សំខាន់មួយ ស្របតាមផែនការយុទ្ធសាស្ដ្រ ដើម្បីជំរុញការរៀបចំការប្រកួត និងអភិវឌ្ឍន៍កីឡាសីដក់កម្ពុជា។

ជាមួយគ្នាដែរ សហព័ន្ធក៏បានបញ្ជ្រាបនូវចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដ៏ជោគជ័យកាលពីថ្មីៗ ដល់សិក្ខាកាម សម្រាប់បង្កើនចំណេះដឹង និងយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមនិយាមរបស់សហព័ន្ធអន្ដរជាតិផងដែរ។

លោកបណ្ឌិត មាស សារិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាម ដែលបានចូលរួម និងខិតខំសិក្សាស្វែងយល់។ ក្នុងនាមប្រធានសហព័ន្ធលោកបានជំរុញសិក្ខាកាមទាំងអស់ ក្រោយបញ្ចប់វគ្គនេះ ត្រូវបន្ដសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ចំណេះដឹងឆ្ពោះទៅរកការរៀបចំការប្រកួតជាតិ និងអន្ដរជាតិនានា។

គួរដឹងថា ក្រោយឆ្លងកាត់ការសិក្សារយៈពេលជិត ១សប្ដាហ៍ ក្នុងចំណោមសិក្ខាកាម ៣១នាក់ គឺមានអ្នកទទួលបាននិទ្ទេសល្អណាស់ ២៥%, និទ្ទេសល្អ ៤០%, និទ្ទេសមធ្យម ២៥% និងខ្សោយ ១០%៕