(ភ្នំពេញ)៖ ក្រុមកីឡាយុទ្ធគុនចម្រុះកម្ពុជា ដណ្ដើមបានមេដាយ ២គ្រឿង (ប្រាក់១ និងសំរឹទ្ធ១) ពីការប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក (World MMA Championships) ឆ្នាំ២០២៣ នៅប្រទេសថៃកាលពីថ្មីៗ ដែលមានអត្តពលិកចូលរួមសរុបប្រមាណ ៣០០នាក់។

សម្រាប់បេសកកម្មដឹកនាំដោយលោកបណ្ឌិត សេង ប៊ុនសុង អនុប្រធានសហព័ន្ធ និងជាប្រធានប្រតិភូនេះ ចំពោះអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយជូនជាតិ រួមមានកីឡាករ ឡុង ឡា ដណ្ដើមបានមេដាយប្រាក់១ បន្ទាប់ពីយកឈ្នះកីឡាករចិន និងឥណ្ឌា ក្នុងវគ្គជម្រុះ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែសោកស្ដាយចាញ់កីឡាករចិនវិញ នៅវគ្គផ្ដាច់ព្រ័ត្រ។

រីឯមេដាយសំរឹទ្ធ ដណ្ដើមបានដោយកីឡាការិនី សំ ថារ័ត្ន ដែលទើបវិលត្រឡប់ចូលសង្វៀនវិញ បន្ទាប់ពីខកខានប្រកួតជាច្រើនឆ្នាំ។

លោកបណ្ឌិត សេង ប៊ុនសុង បានលើកឡើងថា ការទទួលបានជោគជ័យនេះគឺ ដោយសារការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តរបស់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជា។ ទោះបីកីឡាយុទ្ធគុនចម្រុះ ទើបបង្កើតសហព័ន្ធ ប៉ុន្ដែការដណ្ដើមបានមេដាយកម្រិតពិភពលោកនេះ គឺជាការចាប់ផ្ដើមដ៏ល្អ ដើម្បីឈានទៅរកជោគជ័យថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត។

គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីសរុប ១៣នាក់ ចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣។ យុទ្ធនាការនេះដែរ ក្រៅពីការប្រកួតប្រជែង ក៏មានមន្ដ្រីបច្ចេកទេសហព័ន្ធម្នាក់ គឺលោក ជឹម ធារ៉ា បានប្រឡងជាប់ចៅក្រមពិភពលោក (International Judge C) ផងដែរ៕