(បរទេស)៖ ខ្សែប្រយុទ្ធ Victor Osimhen ត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អបំផុតក្នុងឆ្នាំ២០២៣ ប្រចាំទ្វីបអាហ្វ្រិក ស្របពេលមិត្តរួមជាតិនីហ្សេរីយ៉ា គឺកីឡាការិនី Asisat Oshoala ក៏បានឈ្នះនេះដូចគ្នា។

Osimhen ដែលកំពុងប្រកបអាជីពក្នុងក្លិបពពកស Napoli លេងក្នុងលីគកំពូល Serie A នៃប្រទេសអ៊ីតាលីនោះ បានទទួលការគាំទ្រពីតាមរយៈការបោះឆ្នោតឈ្នះគូប្រជែង Mohamed Salah របស់ប្រទេសអេហ្ស៊ីប និង Achraf Hakimi របស់ម៉ារ៉ុក ក្នុងការបោះឆ្នោតជុំផ្តាច់ព្រ័ត្រ ៣នាក់ចុងក្រោយ ក្នុងសន្និបាតប្រចាំរបស់សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក (CAF) នាទីក្រុង Marrakesh នារាត្រីថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។

ពានរង្វាន់នេះដែរ គឺមានការចូលរួមបោះឆ្នោតពីសំណាក់គណៈកម្មាធិការបច្ចេកទេស CAF រួមទាំងប្រព័ន្ធផ្សព្វផ្សាយអាជីពប្រចាំតំបន់ និងប្រធានក្រុម និងគ្រូបង្វឹកទៀតផង។

Osimhen ដែលមានវ័យទើបតែ ២៤ឆ្នាំនោះ បានក្លាយជាកីឡាករនីហ្សេរីយ៉ាទី២ ក្នុងការឈ្នះលក្ខណៈឯកត្តជនប្រចាំទ្វីបអាហ្រ្វិកនេះ បន្ទាប់ពី Nwankwo Kanu បានឈ្នះដំបូងគេកាលឆ្នាំ១៩៩៩ កន្លងទៅ។

រូបគេបានជួយ Napoli សម្រេចបំណងឈ្នះពាន Serie A លើកដំបូង ក្រោយរង់ចាំអស់ ៣៣ឆ្នាំ ដោយស៊ុតបញ្ចូលទីបាន ២៦គ្រាប់ ពីការចូលលេងបាន ៣២ប្រកួតក្នុងលីគសម្រាប់រដូវកាលឆ្នាំ២០២២-២០២៣ និងរួមចំណែកជួយក្រុមមួយនេះ ឈានដល់វគ្គ ៨ក្រុមចុងក្រោយផងដែរនៃពានអឺរ៉ុប UEFA Champions League៕